ក្រសួងសុខាភិបាល៖ វីរុសណូរ៉ូសម្លាប់មនុស្សលើពិភពលោកប្រមាណ ២០ ម៉ឺននាក់ក្នុង ១ ឆ្នាំ ពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រ
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មាន ដោយបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសកុមារអាយុក្រោម ៥ ឆ្នាំនិងមនុស្សចាស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបរិភោគចំណីអាហារ ពិសេសអាហារសមុទ្រ ដូចជាអយស្ទ័រឆៅ ដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ (Norovirus) ដែលមេរោគនេះបានសម្លាប់មនុស្សនៅលើពិភពលោកប្រមាណ ២០ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
សេចក្តីជូនព័ត៌មានស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ «Norovirus» របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំអាកាសធាតុត្រជាក់មេរោគរស់បានយូរ ហើយរដូវត្រជាក់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។
ក្រសួងសុខាភិបាលបានពន្យល់ថា បុគ្គលគ្រប់វ័យអាចឆ្លងនិងឈឺដោយវីរុសណូរ៉ូ រោគសញ្ញាជាទូទៅកើតមានចន្លោះពី ១២ ទៅ ៤៨ ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ។ រោគសញ្ញាភាគច្រើនមានដូចជា រាក ក្អួតចង្អោរ ចុកពោះ និង អាចមានក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង ២ សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។ អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះវីរុសណូរ៉ូមានច្រើនប្រភេទ។ ការឆ្លងវីរុសណូរ៉ូមួយប្រភេទមិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅអាចមានផ្ទុកវីរុសនេះ ហើយកុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ និង អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុសនេះ។
ក្រសួងសុខាភិបាលបានបន្តថា វីរុសណូរ៉ូរីករាលដាលយ៉ាងងាយនិងរហ័សតាមវិធីផ្សេងៗគ្នា ដូចជាការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារនិងសម្ភារៈប្រើប្រាស់ និង ការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ ពិសាអាហារ ទឹកឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ បន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតចូលទៅក្នុងមាត់។ អ្នកអាចចម្លងវីរុសណូរ៉ូទៅអ្នកផ្សេងក្នុងរយៈពេល ២ សប្តាហ៍ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។
ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីជូនព័ត៌មាននេះថា នៅលើពិភពលោក វីរុសណូរ៉ូជាមូលហេតុចម្បងនៃការក្អួតនិងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន។ អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោកមាន ៦៨៥ លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០ ម៉ឺននាក់ ក្នុងនោះដែរ ២០០ លានករណីកើតលើកុមារអាយុក្រោម ៥ ឆ្នាំ និងមានកុមារចំនួន
៥ ម៉ឺននាក់បានស្លាប់។
ដើម្បីបង្ការជំងឺនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ សម្អាតនិងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សា ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក៕
评论被关闭。