សម្តេចធិបតី ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំផ្លូវការលើកទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅព្រឹក​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបើក​កិច្ចប្រជុំ​ផ្លូវការ​លើកទី១ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងជា​ប្រធាន CDC។

យោងតាម​លទ្ធផល​ស្ថិតិ​គម្រោង​វិនិយោគ​ដែលបាន​អនុម័ត​ដោយ CDC បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង​ក្នុងឆ្នាំ២០២៤ មានការកើនឡើង​ចំនួន ១៤៦ គម្រោង ស្មើនឹង៥៤% បើធៀបនឹង​ឆ្នាំ២០២៣​ដែលមាន​ ២៦៨ គម្រោង។

រីឯ​ទុនវិនិយោគ​បានកើនដល់​ចំនួន​ ៦,៩ ប៊ីលាន​ដុល្លារអាម៉េរិក​ កើនឡើង​ចំនួន​ ១,៩៧៣ ប៊ីលានដុល្លារ​ ស្មើនឹង៤០% បើធៀបនឹង​ឆ្នាំ២០២៣​​ដែលមាន​ទុនវិនិយោគ ៤,៩២៧ ប៊ីលានដុល្លារ​។

នេះជា​កិច្ចប្រជុំ​ផ្លូវការ​លើកទី១​របស់ CDC បន្ទាប់ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី៧​នៃរដ្ឋសភា​បានចាប់ផ្តើម​ដំណើការ។ កិច្ចប្រជុំនេះ មានវត្តមាន​លោកឧបនាយករដ្ឋមន្ត្រី​ដែលជា​អនុប្រធាន​ទី១ លោកទេសរដ្ឋ​មន្ត្រី​ដែលជា​អនុប្រធានទី២ និងរដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ អគ្គលេខាធិការរង ដែលជា​ថ្នាក់ដឹកនាំ CDC សរុប​ចំនួន ២៤ រូប។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅថ្ងៃទី៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដោយមាន​បេសកកម្ម​ក្នុងការ​ទាក់ទាញ​វិនិយោគ​មកកម្ពុជា៕

你可能还喜欢

评论被关闭。