អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារ ទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ
ភ្នំពេញ៖ នេះជាលើកទី២ ដែលសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្តីពី ពន្ធលើប្រាក់ចំណូល និងការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក (ToI E-Filling) ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សមាជិកសមាគម។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា ក្នុងអង្គសិក្ខាសាលា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចនានារបស់រោងចក្រ សហគ្រាស រួមមាន៖ ពន្ធលើប្រាក់ចំណូល ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សហគ្រាសដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីជំរុញភាពប្រសើរឡើង និងមានសប្រសិទ្ធិភាពខ្ពស់ ដោយមានសមាជិក សមាជិកានៃសមាគមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១២០ក្រុមហ៊ុន។
ក្រោយអង្គសិក្ខាសាលានេះ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មូលហេតុដែលបន្តកិច្ចសហការជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដោយសារជាកាតព្វកិច្ចក្នុងការផ្តល់នូវចំណេះដឹង ជាពិសេសផ្តល់ជាព័ត៌មានទាំងឡាយណាដែលប្រទាក់ក្រឡាការអនុវត្តច្បាប់ស្តីពីសារពើពន្ធជូនទៅដល់អ្នកជាប់ពន្ធ ដើម្បីឲ្យបានយល់ដឹងក្នុងការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។
លោកជំទាវ បានបន្តថា ចំពោះការងារនេះ អគ្គនាយកដ្ឋានដារនឹងបន្តធ្វើជាប្រចាំ ហើយក៏មិនមែនតែជាមួយសមាគមវិស័យកាត់ដេរប៉ុណ្ណោះទេ គឺនឹងធ្វើជាមួយអ្នកជាប់ពន្ធគ្រប់វិស័យទាំងអស់ ហើយក៏មិនមែនត្រឹមតែលក្ខណៈរូបវ័ន្តផងដែរ គឺមានតាមប្រព័ន្ធវីដេអូ ឬហៅថា កម្មវិធី E-Learning ជាដើម។ ក្រៅពីនេះ ក៏មានផ្សព្វផ្សាយនៅបណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យមួយចំនួនដែរ ដើម្បីបញ្រ្ជាបការយល់ដឹង។
លោកជំទាវអគ្គនាយករង ក៏បានលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ថា កុំមានអារម្មណ៍ខ្លាចរដ្ឋបាលសារពើពន្ធ ព្រោះជាមន្រ្តីដែលជាអ្នកផ្តល់សេវា ជាអ្នកដែលអនុវត្តច្បាប់ស្តីពីសារពើពន្ធ និងជាអ្នកផ្តល់សេវាជូនទៅអ្នកជាប់ពន្ធ ដែលអាចមកពិភាក្សាដោយផ្ទាល់ជាមួយមន្រ្តីពន្ធដារបាន ដោយផ្អែកទៅលើច្បាប់នានា ប៉ុន្តែចៀសវាងនូវការផ្តល់ព័ត៌មានមិនល្អទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលសារពើពន្ធកន្លងមក ក្នុងការកំណែទម្រង់ស៊ីជម្រៅ ទាំងទិដ្ឋភាពគតិយុត្ត ទាំងទិដ្ឋភាពយន្តការនៃការប្រតិបត្តិទាំងឡាយ៕
评论被关闭。