សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាសន្តិសុខជាតិជប៉ុន AKIBA Takeo

នារសៀល​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អាគីបា តាខេអូ (AKIBA Takeo) ទីប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាសនៃជំនួប លោក អាគីបា តាខេអូ បានវាយ​តម្លៃខ្ពស់​ ចំពោះ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការ​ជប៉ុន-កម្ពុជា ដោយលោក​បានគូសបញ្ជាក់​ថា កម្ពុជា​ជាដៃគូ​ដ៏មាន​សារៈសំខាន់​របស់​ជប៉ុន ទាំងនៅក្នុង​ក្របខណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និងពហុភាគី។

លោកបាន​ជម្រាបជូន​សម្ដេចធិបតី​ថា រាជរដ្ឋាភិបាល​ជប៉ុន ​នឹងបន្ត​ពូនជ្រំ​ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ឱ្យកាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត ស្របតាម​ស្មារតី​នៃភាពជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​ជប៉ុន-កម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​អរគុណ ​និងវាយតម្លៃខ្ពស់​ចំពោះ​តួនាទី​ដ៏មាន​សារៈសំខាន់​របស់​ជប៉ុន ដែលបាន​ចូលរួមចំណែក​ក្នុងដំណើរ​ការស្វែងរក​សុខសន្ដិភាព​នៅកម្ពុជា ​ការស្ដារ​និងកសាង​ប្រទេស​ឡើងវិញ​ ព្រមទាំង​​ការរួមចំណែក​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា​ឱ្យរីកចម្រើន។

សម្ដេចធិបតី​ក៏បាន​សម្ដែងនូវ​ការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​​ដ៏ល្អ ​និងរីកចម្រើន​លើគ្រប់វិស័យ​រវាង​កម្ពុជា-ជប៉ុន ពិសេស​ភាពរីកចម្រើន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សន្ដិសុខ។

ក្នុងឱកាស​នៃជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក អាគីបា តាខេអូ ក៏បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់​ និងអន្តរជាតិ​​មួយចំនួន​ ដែលមាន​​សារៈសំខាន់​​ដល់សន្តិភាព ស្ថិរភាព​ និង វិបុលភាព ​នៅក្នុង​តំបន់​និង​ពិភពលោក៕

你可能还喜欢

评论被关闭。