សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនគាំទ្រយុទ្ធសាស្រ្ត បម្រើឱ្យការប្រឆាំងគ្នាក្នុងតំបន់ឡើយ

ស្របពេល​ដែលមាន​យុទ្ធសាស្ត្រ​ និងគំនិត​ផ្ដួចផ្ដើម​ចម្រុះ​ពីប្រទេស​ជាច្រើន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បានបញ្ជាក់ថា កម្ពុជា​នឹងគាំទ្រ​ចំពោះ​យុទ្ធសាស្រ្ត​ និងគំនិត​ផ្តួចផ្តើម​ដែលបម្រើឱ្យ​កិច្ចសហប្រតិបត្តិការ​ ដើម្បី​សុខសន្តិភាព​តំបន់​​ តែកម្ពុជា​មិនគាំទ្រ​យុទ្ធសាស្រ្ត ​ដែលបម្រើឱ្យ​ការប្រឆាំង​គ្នាទៅវិញទៅមក​ឡើយ។

នាព្រឹក​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អាគីបា តាខេអូ (AKIBA Takeo) ទីប្រឹក្សា​សន្តិសុខជាតិ និងជា​អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​សន្តិសុខ​ជាតិជប៉ុន នៅវិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។ ភាគី​បានជជែកគ្នា​ច្រើនអំពី​បញ្ហា​សន្តិសុខ​ក្នុងតំបន់ ខណៈ​ស្ថានភាព​កាន់តែ​មានភាព​តានតឹង។

លោក អាគីបា តាខេអូ បានជម្រាប​សម្តេចតេជោ​អំពី​ការពិនិត្យ​ឡើងវិញ ​នូវយុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ​របស់​ជប៉ុន ដែលធ្វើឡើង​ដើម្បី​ឱ្យស្រប​ទៅតាម​ការវិវឌ្ឍ​សភាពការណ៍​របស់​តំបន់។ យុទ្ធសាស្រ្ត​នេះ នឹងផ្តោត​ទៅលើ​ការពង្រឹង​កិច្ចសន្ទនា​បែបស្ថាបនា​ជាមួយ​ប្រទេស​ដៃគូ​ និងប្រទេស​មហា​អំណាច​ធំៗ ពិសេស​ជាមួយ​ប្រទេស​ចិនតែម្ដង។ លោកបាន​ទទួលស្គាល់​ថា បើគ្មាន​កិច្ចសន្ទនា​ និងកិច្ចសហការ​រវាង​គ្នានិងគ្នា ពិសេស​ជាមួយ​ប្រទេស​ចិននោះទេ ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍ​នានា​ក៏នឹង​មិនអាច​សម្រេច​បានដែរ។

លោកបាន​បន្តថា ក្នុងបរិបទនេះ ជប៉ុន​បានប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក៏ដូចជា​ជាមួយ​អាស៊ាន ​និងបណ្តា​ប្រទេស​មហាអំណាច​នានា ដើម្បី​ស្ថិរភាព​និងការអភិវឌ្ឍ​នៅក្នុង​តំបន់។

ជាការ​ឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់​ពីតម្លៃ​សន្តិភាព ដែលជា​មូលដ្ឋាន​គ្រឹះបម្រើឱ្យ​ការសម្រេច​ និងការបន្ត​ការអភិវឌ្ឍ​សង្គមជាតិ។ ការពិនិត្យ​ឡើងវិញនូវ​យុទ្ធសាស្រ្ត​សន្តិសុខ​ជាតិ​របស់​ជប៉ុន មិនខុសគ្នា​អំពី​ទស្សនទាន​របស់​កម្ពុជា​នោះទេ ព្រោះ​ប្រទេស​ទាំងពីរ​ មានបំណង​ប្រាថ្នា​ពង្រឹង​សន្តិភាព​ដូចគ្នា។ បើគ្មាន​សន្តិភាព​នោះទេ យើងមិន​ចាំចាច់​និយាយ​ពីបញ្ហា​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ និង ការអភិវឌ្ឍ​នោះឡើយ។

សម្តេចតេជោ​បានវាយតម្លៃខ្ពស់​ចំពោះ​តួនាទី​របស់​ជប៉ុន​នៅក្នុងតំបន់ ខណៈ​ប្រទេស​ជាច្រើន​ក្នុងតំបន់​បានចាត់ទុក​ជប៉ុន​ជាដៃគូ​ល្អ និងបាន​គិតគូរ​អំពី​ផលប្រយោជន៍​របស់​ប្រទេស​នានា​ក្នុងតំបន់ រួមទាំង​ការគោរព​មជ្ឈភាព​អាស៊ាន។

សម្តេចតេជោ​បានលើកឡើង​ពីការគាំទ្រ​របស់​កម្ពុជា ​ចំពោះ​យុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​ និងបើកចំហ​របស់​ជប៉ុន។ ទន្ទឹមនឹងនេះ ដោយសារ​មានប្រទេស​ជាច្រើន​បានដាក់ចេញ​នូវយុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក ​និងគំនិត​ផ្តួចផ្តើម​ផ្សេងៗមកក្នុង​តំបន់នោះ សម្តេច​បានបញ្ជាក់​ទៅកាន់​ភាគី​ជប៉ុន​ថា កម្ពុជា​នឹងគាំទ្រ​រាល់យុទ្ធសាស្រ្ត ​និងគំនិត​ផ្តួចផ្តើម​នានា​ ដែលបម្រើឱ្យ​សន្តិភាព ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ មិនបម្រើ​ឱ្យការ​ច្បាំងគ្នា។ ម្យ៉ាងវិញទៀត យុទ្ធសាស្រ្ត​និង​គំនិត​ផ្តួចផ្តើម​ទាំងនោះ មិនត្រូវ​បានប្រើជា​ឧបករណ៍​ប្រឆាំង​នឹងប្រទេស​ណាមួយ​ឡើយ និងត្រូវ​គោរព​មជ្ឈភាព​របស់​អាស៊ាន។ សម្ដេច​បញ្ជាក់​ថា កម្ពុជា​មានឯករាជ្យភាព ​ក្នុងការ​សម្រេចចិត្ត​ផ្នែកនយោបាយ​នៅក្នុង​ទំនាក់​ទំនង​អន្តរជាតិ។

ពាក់ព័ន្ធ​នឹងការ​វិវឌ្ឍ​ស្ថានភាព​ក្នុងតំបន់​ដែលកាន់តែ​មានភាព​តានតឹង សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គឺដោយសារ​ការមិនជឿ​ទុកចិត្តគ្នា​រវាង​ប្រទេស​ធំៗ និងការលូកដៃ​ជ្រុល​របស់​ប្រទេស​ខាងក្រៅ​ ទៅក្នុងកិច្ចការ​តំបន់។ ការណ៍នេះ​បានធ្វើឱ្យ​ប្រទេស​នីមួយៗ​ ខិតខំ​ពង្រឹង​សមត្ថភាព​យោធាខ្លួន ពោលគឺ​ប្រណាំង​ផ្នែកសព្វាវុធ​តែម្ដង។ បរិបទនេះ សម្តេចតេជោ​បានលើក​ទឹកចិត្ត ​ឱ្យមាន​កិច្ចសន្ទនា​ឱ្យបានច្រើន​រវាង​ជប៉ុន​និងចិន ដើម្បី​បង្កើន​ការជឿ​ទុកចិត្តគ្នា​ទៅវិញ​ទៅមក៕

你可能还喜欢

评论被关闭。