សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រេសិតពិសេសបារាំង Olivier POIVRE D’ARVOR

នារសៀល​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Olivier POIVRE D’ARVOR ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​បារាំង ទទួល​បន្ទុក​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​មហាសមុទ្រ និងជា​ឯកអគ្គរដ្ឋទូត​ទទួល​បន្ទុក​តំបន់​មហាសមុទ្រ ​និងតំបន់ប៉ូល នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក Olivier POIVRE D’ARVOR បានសម្ដែង​នូវការ​កោតសរសើរ​ និងវាយតម្លៃខ្ពស់​ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាងឆាប់រហ័ស ​លើគ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ជាមួយ​នឹងការសម្រេច​បាន នូវ​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត ហើយលោក​មាន​ជំនឿ​យ៉ាងមុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ នឹងបន្ត​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀតនាពេល​អនាគត។

លោកក៏បាន​សម្ដែងនូវ​ការវាយ​តម្លៃខ្ពស់ ​ចំពោះ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការ​រវាង​បារាំង-កម្ពុជា ដោយបាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ នឹងត្រូវ​លើកកម្ពស់​ជាលំដាប់​ទៅថ្ងៃ​អនាគត។

នាឱកាស​នៃជំនួប​នេះផងដែរ លោក Olivier POIVRE D’ARVOR ក៏បានពាំនាំនូវការអញ្ជើញរបស់​លោកប្រធានាធិបតី​បារាំង Emmanuel Macron ចំពោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បី​ចូលរួម​ក្នុងសន្និសីទ​អង្គការ​សហប្រជាជាតិ​ ស្ដីពី​មហាសមុទ្រ​លើកទី៣ ដែលនឹង​ប្រារព្ធឡើង​នៅទីក្រុង​នីស សាធារណរដ្ឋបារាំង​ នាខែ​មិថុនា​ ឆ្នាំ២០២៥​ ខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ពេញចិត្ត​និងវាយតម្លៃខ្ពស់​ចំពោះ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ​នៃប្រទេស​ទាំងពីរ និងបានថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​ និងការរួម​ចំណែក​របស់​ប្រទេស​បារាំង​ក្នុងដំណើរ​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា​ឱ្យមានការ​រីកចម្រើន​ដូចសព្វថ្ងៃ។

សម្ដេចធិបតី​ក៏បានគូស​បញ្ជាក់​ផងដែរថា ទំនាក់​ទំនង ​និងការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជាញឹកញាប់​ រវាង​ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ នឹងចូលរួម​ចំណែក​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការ​ពង្រឹង ​និងពង្រីក​ទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ ដែលមិនត្រឹមតែ​រវាង​រាជរដ្ឋាភិបាល ​និងរដ្ឋាភិបាល​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​រវាង​វិស័យ​ឯកជន​ និងវិស័យ​ឯកជន​ផងដែរ។

សម្តេច​​ធិបតី​ក៍បាន​​អរគុណ​លោកប្រធានាធិបតី​បារាំង​ ដែលបាន​​អញ្ជើញ​​សម្តេច​ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ ​ស្ដីពី​មហាសមុទ្រ​លើកទី៣​ សម្តេច​នឹង​ពិចារណា​​ដោយ​យកចិត្ត​ទុកដាក់​ ចំពោះ​ការអញ្ជើញ​នេះ។

នៅក្នុង​ជំនួប​នេះផងដែរ សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោក Olivier POIVRE D’ARVOR ក៏បាន​ពិភាក្សា ​និងផ្លាស់ប្ដូរ​យោបល់​គ្នាមួយ​ចំនួន ​លើបញ្ហ​ការប្រែប្រួល​អាកាសធាតុ​ជាសកល ផលប៉ះពាល់​នៃការប្រើប្រាស់​ថង់ប្លាស្ទិក ដែលរួម​ចំណែក​ទៅដល់​ការការពារ​បរិស្ថាន និងការ​ទប់ទល់ ​នឹងការ​ប្រែប្រួល​អាកាសធាតុ​ជាសកល​ផងដែរ៕

你可能还喜欢

评论被关闭。