សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដីជាទ្រព្យសំខាន់សម្រាប់អនាគត របស់យើងទាំងអស់គ្នា
“ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ”។
នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីក្នុងខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤។
បើតាមសម្តេចធិបតីបានឱ្យដឹងថា កំពង់ចាមជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូងក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម បន្ទាប់មកនឹងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន។
ក្នុងរយៈពេល ១៦ ខែនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ បានពន្លឿនការចុះបញ្ជីក្បាលដីធ្លីសរុបប្រមាណ ៣,៤ លានក្បាលដី ហើយគ្រោងបញ្ចប់ការងារវាស់វែងនៅឆ្នាំ២០២៥ខាងមុខ។
ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះ វាក៏ជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែល នឹងចូលរួមកាត់បន្ថយនិងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ មួយវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លីនិងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ ឆ្នាំដែលយើងមានការឯកភាពជាតិ មានរាជរដ្ឋាភិបាលតែមួយ និង សន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំងប្រទេស ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិពេញលេញ។ ដូចនេះហើយ ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការនិងផែនការជីវិតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាកែប្រែដីដែលធ្លាប់តែស្រពោន ពោរពេញទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ ឱ្យទៅជាដីដែលប្រកបដោយសក្តានុពលសម្រាប់ការបង្កបង្កើនផល និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការស់នៅប្រកបដោយសេចក្តីសុខសាន្ត៕
评论被关闭。