អង្គការសហប្រជាជាតិ៖ កម្ពុជានឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩

មហា​សន្និបាត​នៃអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុម័ត​លើសេចក្តី​សម្រេច A/៧៩/L.៤៩ សម្រាប់​ការចាកចេញ​របស់​ប្រទេស​កម្ពុជា​ពីក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ជាផ្លូវការ​នៅចុងឆ្នាំ២០២៩។

យោងតាម​ការចុះផ្សាយ ​លើគេហទំព័រ​ផ្លូវការ​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​កម្ពុជា ​និង​ហ្សេណេហ្គាល់ នឹងត្រូវ​ដកចេញ​ពីក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាផ្លូវការ​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ការរង់ចាំ ៥ ឆ្នាំ​ទៀតនេះ គឺដើម្បី​បន្ត​តាមដាន​ថាប្រទេស​ទាំងពីរ​នេះអាចរៀបចំ​ខ្លួនប្រកបដោយ​ប្រសិទ្ធភាព និងប្រាកដ​ថាចាកចេញ​ដោយភាពរលូន នឹងមិន​ត្រឡប់​មកក្នុង​បញ្ជី​ (​ក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច) វិញ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បានអបអរសារទរ​ចំពោះ​លទ្ធផល​ដែលកម្ពុជា​សម្រេចបាន ដោយបាន​ភ្ជាប់នឹង​ពាក្យថា «នេះគឺជា​ការបោះ​ជំហាន​ដ៏សំខាន់​ឆ្ពោះទៅ​រកវឌ្ឍនភាព​និងវិបុលភាព​នាពេលអនាគត»។

មាន ៤៤ ប្រទេស​ត្រូវបាន​អង្គការ​សហប្រជាជាតិ​ដាក់ចូលជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច។ ប្រទេស​កម្ពុជា​ត្រូវបាន​ដាក់បញ្ចូល​ក្នុងបញ្ជី​ក្រុម​ប្រទេស​ទាំងនេះ​ក្នុងឆ្នាំ១៩៩១។

ការដាក់​បញ្ចូល​ប្រទេស​មួយចូលទៅ​ក្នុងបញ្ជី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ គឺគេ​ពិនិត្យ​ទៅលើ​ចំណូល​ប្រចាំឆ្នាំ​របស់​មនុស្ស​ម្នាក់ៗ សន្ទស្សន៍​នៃការអប់រំ​និងសុខភាព​សាធារណៈ និង សន្ទស្សន៍​ងាយរងគ្រោះ​ផ្នែកសេដ្ឋកិច្ច​និងបរិស្ថាន​នៃប្រទេស​នោះ៕

你可能还喜欢

评论被关闭。