សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ២២២៥ នាក់

នៅព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​និទ្ទេស A នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងការប្រឡង​សញ្ញាបត្រ​បច្ចេកទេស​ និងវិជ្ជាជីវៈ​កម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង​នូវក្តីសោមនស្ស​រីករាយ​និងវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​នៃកំណែទម្រង់​វិស័យ​អប់រំនាប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។

សម្តេចធិបតីថ្លែងថា លទ្ធផល​ដ៏ប្រសើរ​នេះ ពិតជា​កើតចេញ​ពីការ​ខិតខំ​រៀនសូត្រ​របស់​ក្មួយៗ​សិស្សា​នុសិស្ស ការខិតខំ​បង្ហាត់​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ និង តួអង្គ​ពាក់ព័ន្ធ​មួយចំនួន​ទៀតដែលបាន​ខ្នះខ្នែង ​និងផ្តល់ការ​បំពាក់​បំប៉ន​សមត្ថភាព​ដល់សិស្សា​នុសិស្ស ជាពិសេស​ឪពុកម្តាយ ​និងអាណាព្យាបាល ដើម្បី​ជួយឱ្យ​ពួកគេ​ទទួលបាន​លទ្ធផល​ល្អក្នុងការ​សិក្សា ក៏ដូចជា​ទទួលបាន​ជ័យលាភី​នៅក្នុង​ការប្រឡង​យកសញ្ញាបត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការផលិត​បាននូវ​សិស្ស​និទ្ទេស A រាប់ពាន់នាក់​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ បានបង្ហាញ​ពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់​គ្នា ស្របពេល​ដែល​កម្ពុជា​កំពុង​ប្រឹងប្រែង​កសាង​សមត្ថភាព​ស្ថាប័ន ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​សម្ភារៈ​បច្ចេកទេស និងការ​ពង្រឹង​ប្រសិទ្ធភាព​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឱ្យកម្ពុជា​មានធនធាន​មនុស្ស​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​ក្នុងបរិការណ៍​នៃបដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤ ដែលកម្ពុជា​ត្រូវឈរ​លើសក្តានុពល​ដែលខ្លួនមាន និងបោះជំហាន​ឱ្យទាន់​ប្រទេស​នៅក្នុង​តំបន់ ​និងបរិការណ៍​សកលលោក ជាពិសេស​ក្នុងស្ថានភាព​ដែលកម្ពុជា​ត្រូវប្រឹងរស់​ងើបឈរ​ឡើងដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ និង សន្តិភាព​របស់​ប្រទេស។

គួររម្លឹកថា បេក្ខជន​ដែលបាន​ប្រឡងជាប់​ក្នុងសម័យ​ប្រឡង ៨ តុលា ២០២៤ សរុប​ចំនួន ១០៦ ៣៥១ នាក់ ស្មើនឹង ៧៩% នៃបេក្ខជន​មកប្រឡង​សរុប ដែលភាគរយ​បេក្ខជន​ប្រឡង​ជាប់ខ្ពស់ជាង​ឆ្នាំ២០២៣​ដែលមាន​ត្រឹមតែ ៧២,៨៩%៕

你可能还喜欢

评论被关闭。