កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ផ្ដោតលើគម្រោងអាទិភាពធំៗចំនួន ៤

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​​ប្រកាស​​ដាក់​ឱ្យ​​អនុវត្ត «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ» សម្រាប់​គម្រោង​វិនិយោគ​ឬសកម្មភាព​ធុរកិច្ច​មានទីតាំង​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ។

យោងតាម​ឯកសារ​ស្តី​ពី ​«​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ» ​ដែល​រៀប​រៀង​ដោយ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ថា «កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​​ខេត្ត​ព្រះសីហនុ» ដែលត្រូវបាន​ប្រកាស​ដាក់​ឱ្យ​​ប្រើ​ប្រាស់​កាល​ពី​​ខែ​មករា ឆ្នាំ​២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​បានកំណត់​វិធានការ​និងយន្តការ​​ដែលមាន​លក្ខណៈ​ជាកញ្ចប់ ប្រទាក់ក្រឡា មុត​ស្រួច និង​ សាមញ្ញ ដើម្បី​ឆ្លើយតប​​ទៅ​នឹងស្ថានភាព​និង​តម្រូវការ​​ជាក់ស្តែង​ចំពោះ​មុខ​របស់​ខេត្ត​ព្រះសីហនុ ក្នុង​គោលដៅ​ជំរុញ​​ការវិនិយោគ ការអភិវឌ្ឍ​ឧស្សាហកម្ម ការស្តារ​កំណើន​សេដ្ឋកិច្ច និង ​ការបំពេញ​បន្ថែម​លើ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការអនុវត្ត​ផែនការ​មេ​ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។

«កម្មវិធី​ពិសេស​​ជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ» ត្រូវ​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​ឬ​សកម្មភាព​ធុរកិច្ច​ដែល​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ និងផ្តោតលើ​គម្រោង​​ធំៗ​ចំនួន​ ៤៖ (១) គម្រោង​វិនិយោគ​ឬ​សកម្មភាព​ធុរកិច្ច​ពាក់ព័ន្ធ​នឹងអគារ​ជាប់គាំង។ (២) គម្រោង​វិនិយោគ​ឬសកម្មភាព​ធុរកិច្ច​មិនជាប់​ពាក់ព័ន្ធ​នឹងអគារ​ជាប់គាំង ចាប់ផ្តើម​អនុវត្ត​នៅឆ្នាំ២០២៤។ (៣) ការ​ពង្រីក​គម្រោង​វិនិយោគ​ឬសកម្មភាព​ធុរកិច្ច​មានស្រាប់។ (៤)​ គម្រោង​វិនិយោគ / ធុរកិច្ច​ដែលមានស្រាប់ (ថ្មី)។

ព្រះសីហនុ​ជាខេត្ត​ដ៏មាន​សក្តានុពល​មួយលើវិស័យវិនិយោគ ទេសចរណ៍ និង ​ដឹកជញ្ជូន កន្លង​មក​​រាជ​រដ្ឋាភិបាល​កម្ពុជា​​​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​កញ្ចប់ ដើម្បី​ដោះ​ស្រាយ​គម្រោង​វិនិយោគ​ដែលជាប់គាំង​នៅ​ក្នុងខេត្តនេះ ដែលក្នុងនោះ​រួមមាន​​គម្រោង​វិនិយោគ​ដែល​បាន​សាងសង់​ហើយ​បាន​ផ្អាក​ ពន្យារ និង​ពុំ​មាន​សកម្មភាព​វិនិយោគ​ឬ​សកម្មភាព​​ធុរកិច្ច​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ២០១៦។

រាជរដ្ឋាភិបាល​បានចាត់ទុកថា «កម្មវិធី​ពិសេស​​ជំរុញ​ការវិនិយោគ​ក្នុងខេត្ត​ព្រះសីហនុ» បាន​ផ្តល់​សញ្ញា​វិជ្ជមាន​និង​បង្កើន​ជំនឿ​ទុក​ចិត្ត​ដល់​វិនិយោគិន ទាំងក្នុងស្រុក​និងក្រៅស្រុក៕

你可能还喜欢

评论被关闭。