កម្ពុជាសម្រេចបានសមិទ្ធផលធំៗ ៥ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ២០ ឆ្នាំ

យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងទិសដៅ​ការងារ​ឆ្នាំ២០២៥ ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ឱ្យដឹង​ថា រយៈ​ពេល ២០ ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយ​​ជា​សមាជិក​ពេញ​លេញ​ទី​១៤៨ ​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) កម្ពុជា​​​សម្រេច​បាន​នូវសមិទ្ធផល​ធំ​ៗចំនួន ៥​ ដែលបានជួយ​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

ការណ៍ដែល​កម្ពុជា​ក្លាយជា​សមាជិក​ពេញលេញ​របស់ WTO បានរួម​ចំណែក​ដល់កំណើន​សេដ្ឋកិច្ច ដោយធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ឱកាស​ពាណិជ្ជកម្ម ជំរុញ​ការវិនិយោគ និង គាំទ្រ​ការអភិវឌ្ឍ​តាមរយៈ​សមាហរណកម្ម​ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល។ ក្នុងរយៈពេល​ជាង ២ ទសវត្សរ៍​មកនេះ  កម្ពុជា​សម្រេច​បាននូវ​សមិទ្ធផល​ធំ​ៗ​ចំនួន ៥ ៖

១. ផលិតផល​​​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ២០០៤ មាន​ប្រមាណ ៥,៣ ប៊ីលាន​ដុល្លារអាម៉េរិក ខណៈឆ្នាំ២០២២ ​បាន​កើន​រហូតដល់ ២៩,៦១ ប៊ីលាន​ដុល្លារ។

២. ក្នុងរយៈពេល ២ ទសវត្សរ៍​ចុងក្រោយនេះ អត្រា​ភាពក្រីក្រ​បានធ្លាក់ចុះ​ជាលំដាប់​ក្នុង​អត្រា​​មធ្យម​​ប្រចាំឆ្នាំ ១,៦% ធ្លាក់ពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយ​សេដ្ឋកិច្ច​​របស់​​កម្ពុជា​ បាន​កើនឡើង​​ជាង ៧% ក្នុងមួយឆ្នាំ។ កំណើន​ដ៏ខ្ពស់នេះ បានធ្វើឱ្យ​កម្ពុជា​ចាកចេញ​ពីឋានៈ​ជាប្រទេស​ក្រីក្រ និងបាន​ក្លាយជា​ប្រទេស​មានចំណូល​មធ្យម​កម្រិតទាប​នៅឆ្នាំ២០១៥។

៣. ការវិនិយោគ​ផ្ទាល់ពី​បរទេស​បានកើនឡើង​ពី ១១០ លានដុល្លារ​នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ប៊ីលានដុល្លារ​នៅឆ្នាំ២០២៣។

៤. ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានប្រមាណ ៤,៥ ប៊ីលាន​ដុល្លារ​នៅឆ្នាំ២០០៤ ហើយបាន​កើនឡើង​ជាបន្តបន្ទាប់​រហូត​ដល់ ៤៧,៨៨ ប៊ីលាន​ដុល្លារ​នៅឆ្នាំ២០២៣ ក្នុងនោះ​ការនាំចេញ​សរុប​របស់​កម្ពុជា​មានប្រមាណ ២៣,៤៧ ប៊ីលាន​ដុល្លារ។

៥. ទំនិញ​នាំចេញ​របស់​កម្ពុជា​ ត្រូវបាន​ធ្វើពិពិធកម្ម​ជាបន្ត​បន្ទាប់ ដោយបន្ថែម​ពីលើ​ទំនិញ​សម្លៀកបំពាក់​ ដែលជា​ទំនិញ​នាំចេញ​ចម្បង កម្ពុជា​បានបង្កើន​មុខទំនិញ​នាំចេញ​បន្ថែម ដូចជា​អង្ករ សម្ភារៈ ​ធ្វើដំណើរ​ និងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគ​បង្គំ​ និងកង់ ព្រមទាំង​ផលិតផល​ជាច្រើនទៀត។ ក្នុងឆ្នាំ២០២៣ ទំហំ​នាំចេញ​នៃទំនិញ​សំខាន់ៗ​របស់​កម្ពុជា រួមមាន​សម្លៀកបំពាក់ ៧,៨៦ ប៊ីលាន​ដុល្លារ អង្ករ ១,៧២ ប៊ីលាន​ដុល្លារ សម្ភារៈ​ធ្វើដំណើរ ​និងកាបូប ១,៦៣ ប៊ីលាន​ដុល្លារ ស្បែកជើង​និងស្រោមជើង ១,៣៦ ប៊ីលាន​ដុល្លារ គ្រឿងអេឡិចត្រូនិក ​និងភាគបង្គំ ៣,១២ ប៊ីលាន​ដុល្លារ និង ​កង់ ៤៨៩,៦១ លានដុល្លារ។

គួររម្លឹកថា កម្ពុជា​ចូលជា​សមាជិក WTO កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ខណៈ​បច្ចុប្បន្ន​ WTO មានសមាជិក​សរុបចំនួន ១៦៦ ប្រទេស៕

你可能还喜欢

评论被关闭。