ឯកអគ្គរដ្ឋទូតចប់អាណត្តិឥណ្ឌា ចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត

នារសៀល​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​ ចប់អាណត្តិ​នៃសាធារណរដ្ឋ​ឥណ្ឌា បានចូលជួប​សម្ដែងការ​គួរសម​និងជម្រាបលា​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោកស្រី Devyani Khobragade បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ផ្ដល់ការ​គាំទ្រ​ និងកិច្ចសហការ​ដ៏ល្អ​ចំពោះ​លោកស្រី ​និងស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា ដែលបាន​ធ្វើឱ្យ​បេសកកម្ម​ការទូត​របស់​លោកស្រី​ទទួលបាន​ជោគជ័យ និងរួមចំណែក​ធ្វើឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន ​និងរឹងមាំ​ថែមទៀត។

លោកស្រី​បានបន្ថែមថា តាមរយៈ​ភាពរីកចម្រើន​នៃទំនាក់​ទំនង​ល្អប្រសើរ​នេះ លោកស្រី​មានសុទិដ្ឋិនិយម​ថា ទំនាក់​ទំនង​ឥណ្ឌា-កម្ពុជា ​នឹងឈានឡើង​ដល់កម្រិត​កាន់តែ​ខ្ពស់ទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ​និងវាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និងការ​ចូលរួម​ចំណែក​យ៉ាងសំខាន់​របស់​លោកស្រី Devyani Khobragade ក្នុងការ​ពង្រឹង ​និងពង្រីក​ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ប្រកបដោយ​ផ្លែផ្កា។

នៅក្នុង​ជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី Devyani Khobragade បានសម្ដែង​នូវការ​ពេញចិត្ ត​និងវាយតម្លៃ​ខ្ពស់ ចំពោះ​វឌ្ឍនភាព​នៃទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ​លើវិស័យ​សក្ដានុពល​ជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​គ្រប់កម្រិត វិស័យ​ពាណិជ្ជកម្ម  សេដ្ឋកិច្ច សន្ដិសុខ ​និងការពារជាតិ ឌីជីថល ការអភិវឌ្ឍ​ធនធានមនុស្ស វប្បធម៌​និងសាសនា  ទេសចរណ៍ និង ការភ្ជាប់​ជើងហោះហើរ​ត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំង​ទំនាក់​ទំនង​ប្រជាជន ​និងប្រជាជន​នៃប្រទេស​ទាំងពីរ​ផងដែរ៕

你可能还喜欢

评论被关闭。