ចាប់ពី ១ មករា ២០២៥ នគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការដកហូតបណ្ណបើកបរដែលអស់ពិន្ទុឬពិន្ទុសូន្យ

ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាព​នគរបាល​ចរាចរណ៍​ផ្លូវគោក​តាមបណ្តា​រាជធានី-ខេត្ត នឹងអនុវត្ត​ការដកហូត​បណ្ណបើកបរ​យានយន្ត​គ្រប់ប្រភេទ​ដែលអស់ពិន្ទុ​ឬពិន្ទុ​សូន្យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជាអតិបរមា។

យោងតាម​សេចក្តី​ជូនដំណឹង​ស្តីពី​ ការអនុវត្ត​ដកបណ្ណបើកបរ​យានយន្ត​ដែលអស់ពិន្ទុ​ឬពិន្ទុសូន្យ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​នៃក្រសួង​មហាផ្ទៃ បានឱ្យដឹងថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជាអតិបរមា និងបង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​អនុវត្ត​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជូនប្រជាពលរដ្ឋ និងធានា​គ្រប់គ្រង​ប្រកបដោយ​តម្លាភាព​នូវការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាព​នគរបាល​ចរាចរណ៍​ផ្លូវគោក​តាមបណ្តា​រាជធានី-ខេត្ត នឹងអនុវត្ត​ការដកហូត​បណ្ណបើកបរ​យានយន្ត​ គ្រប់ប្រភេទ​ដែលអស់ពិន្ទុ​ឬពិន្ទុ​សូន្យ។

អគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវ​ដល់ប្រជាពលរដ្ឋ ដែលមាន​បណ្ណបើកបរ​យានយន្ត​គ្រប់ប្រភេទដែលជិត​អស់ពិន្ទុ ទៅដាក់ពាក្យ​សុំរៀន​បំប៉ន​ដើម្បី​ប្រឡង​យកពិន្ទុ​បន្ថែម​ឬបំពេញ​ពិន្ទុឡើងវិញ នៅមណ្ឌល​ផ្តល់សេវា​របស់​ក្រសួង​សាធារណការ​និងដឹកជញ្ជូន។

អគ្គស្នងការដ្ឋាន​នគរបាលជាតិ​សង្ឃឹម​និងជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​នឹងចូលរួម​លើកកម្ពស់​ការគោរព​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​និងរក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ ឱ្យកាន់តែ​ប្រសើរ​ជាលំដាប់៕

你可能还喜欢

评论被关闭。