សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសប្បុរសជន ក្នុងវិស័យសិល្បៈនិងកីឡា
ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និង ក្លិបកីឡា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី និង កីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ តាមរយ:មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននាពេលកន្លងទៅ។
សម្តេចធិបតី បានបន្ថែមថា សិល្បករនិងកីឡាករ មិនត្រឹមតែបានចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរប៉ុណ្ណោះទេ តែការចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលបង្កើតបានការរីកចម្រើនថ្មីបន្ថែមផង និងក្លាយជាខឿនការពារជាតិរឹងមាំយូរអង្វែងផងដែរ។
នាឱកាសនៃជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់នូវលិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលមកពីវិស័យសិល្បៈនិងកីឡាផងដែរ៕
评论被关闭。