សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាគមឧកញ៉ា និងអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ជាមួយ​សប្បុរសជន​មកពី​សមាគម​ឧកញ៉ា​កម្ពុជានិងសមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ក្នុងជំនួប​សម្តែង​ការគួរសម​និងពិភាក្សា​ការងារ នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែង​អំណរគុណ​ដល់វិស័យ​ឯកជន តាមរយ:​សមាគម​ឧកញ៉ា​កម្ពុជា​និងសមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ ដែលបាន​ចូលរួម​ចំណែក​ជាមួយ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន​ ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ក្រោមស្មារតី​វប្បធម៌​ចែករំលែក។

សម្តេចធិបតី​បានសង្កត់ធ្ងន់​ថា នេះជា​ប្រវត្តិសាស្ត្រ​របស់​យើង ដែលបាន​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និងរុញ​ការអភិវឌ្ឍ​ទៅដល់​ភូមិសាស្ត្រ​កន្ទុយនាគ​ និងកសាង​បានខឿន​ការពារ​ជាតិទៅដល់​គ្រប់ទីកន្លែង​នៃទឹកដី​កម្ពុជា​ តាមរយ:​ការអភិវឌ្ឍ​ផង​និង​ប្រជាជនផង។

នាឱកាស​នៃជំនួប​នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ផ្តល់នូវ​លិខិត​ថ្លែងអំណរគុណ​ជូនចំពោះ​សមាគម​ឧកញ៉ា​កម្ពុជា​និងសមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​​ផងដែរ៕

你可能还喜欢

评论被关闭。