សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱ្យតែប្រព្រឹត្តខុសច្បាប់ ទោះងារជាឧកញ៉ាក៏ត្រូវទទួលទោសទណ្ឌតាមច្បាប់ដោយគ្មានការលើកលែង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ជាសារបញ្ជាក់ថា ទោះមានងារជាឧកញ៉ាក៏ដោយ ក៏ត្រូវតែទទួលទោសទណ្ឌតាមច្បាប់ ដោយគ្មានការលើកលែង បើទោះទោសទណ្ឌនិងសំណងនោះ មិនអាចដូរយកអាយុជីវិតជនរងគ្រោះមកវិញបានក៏ដោយ។
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញធ្វើជាអធិបតីនិងចែកសញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យធនធានមនុស្ស សម្តេចធិបតីបានគូសបញ្ជាក់ថា សំណុំរឿងបាញ់ប្រហារប្រព្រឹត្តដោយទណ្ឌិត ស្រី ស៊ីណា ជាករណីដំបូងដែលសំណងទឹកប្រាក់មានដល់ ២ លានដុល្លារអាម៉េរិក។ រឿងលុយមិនអាចយកអាយុជីវិតមនុស្សមកវិញបានទេ ប៉ុន្តែលទ្ធផលនៃការកាត់ក្ដីនេះ គឺបង្ហាញអំពីការទទួលខុសត្រូវនិងការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ត្រឹមត្រូវ ជាពិសេសទោះបីជនល្មើសមានងារជាឧកញ៉ាក៏ដោយ ក៏នៅតែត្រូវទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះត្រូវតែធ្វើឱ្យបានហ្មត់ចត់ ដោយធ្វើយ៉ាងណាធានាបាននូវយុត្តិធម៌សង្គម ហើយតាមរយៈការកាត់ទោសទណ្ឌិត ស្រី ស៊ីណា ជាសារដ៏សំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត។
សំណុំរឿងរបស់ទណ្ឌិត ស្រី ស៊ីណា (អាយុ ៥១ ឆ្នាំ) គឺត្រូវបានតុលាការបែងចែកជា ៣ សំណុំរឿង៖ ទី១ ពីបទឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ទី២ ពីបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ទី៣ ពីបទរំលោភលើលំនៅឋាន។ សំណុំរឿងព្រហ្មទណ្ឌត្រូវបានចោទឡើងបន្ទាប់ពីលោក ស្រី ស៊ីណា បានប្រព្រឹត្តសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ទៅលើអ្នកជិតខាង ដោយសារតែទំនាស់ពាក្យសម្ដី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីប៉េងហួត បឹងស្នោ ដែលការបាញ់ប្រហារនេះបានបណ្ដាលឱ្យមនុស្សប្រុសស្រី ២ នាក់ស្លាប់នៅនឹងកន្លែង (ក្នុងផ្ទះជនរងគ្រោះ) និងអ្នករងរបួសចំនួន ២ នាក់ទៀត។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្ដន្ទាទោសលោក ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ ៣១ ឆ្នាំ និងបង្គាប់ឱ្យសងសំណងដល់គ្រួសារជនរងគ្រោះដែលស្លាប់ចំនួន ២ នាក់ ក្នុងមួយគ្រួសារ ១ លានដុល្លារអាម៉េរិក និងសំណងចំនួន ៥០ ម៉ឺនដុល្លារដល់អ្នករងរបួសចំនួន ២ នាក់៕
评论被关闭。