ប្រមុខរាជរដ្ឋាភិបាល៖ ត្រូវបង្ក្រាបក្មេងទំនើងឱ្យបាន ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង ទំនុកចិត្តប្រជាពលរដ្ឋ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាដល់រដ្ឋបាលនិងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្តទាំងអស់ ត្រូវមានវិធានការថែមទៀតក្នុងការបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេងទំនើង ក្នុងនោះមិនចាំបាច់ទាល់តែពួកគេចេញធ្វើសកម្មភាពបង្កអសន្តិសុខនោះទេ។ ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌ត្រូវតែពិនិត្យធ្វើវិសោធនកម្មច្បាប់លើករណីដែលក្មេងទំនើងដាក់ដាវ កាំបិត ឬ ដំបង (អាវុធ) តាមខ្លួននិងអួតបង្ហាញលើបណ្ដាញសង្គម។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ឱ្យពិនិត្យមើលទម្ងន់ទោសលើអ្នកដាក់អាវុធ ដែលមានជាអាទិ៍ ដំបង កាំបិត ដាវតាមម៉ូតូ និងអួតបង្ហាញអាវុធទាំងនេះលើបណ្ដាញសង្គមគំរាមអ្នកដទៃ។ បើច្បាប់ពាក់ព័ន្ធមើលទៅស្រាលពេក សូមធ្វើវិសោធនកម្មដើម្បីពិនិត្យមុខព្រួញនេះឱ្យកាន់តែខ្លាំងតែម្ដង។
សម្ដេចធិបតីសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់តឹងរ៉ឹងលើក្រុមក្មេងទំនើង គឺជាការជួយដល់ពួកគេ ជួយដល់ឪពុកម្ដាយរបស់ពួកគេ និង ជួយដល់ពលរដ្ឋផ្សេងទៀត។ វាមិនមែនជារឿងដែលត្រេកអរនោះទេដែលចាប់ក្មេងទាំងនោះទៅឃុំនៅមណ្ឌលអប់រំកែប្រែនោះ តែដើម្បីការពារសណ្ដាប់ធ្នាប់សង្គម និងមនុស្សរាប់ម៉ឺននាក់ទៀត ដែលអាចទទួលផលប៉ះពាល់ពីក្មេងទាំងនេះ បើនៅតែបណ្ដោយដោយគ្មានការចាប់អប់រំពួកគេ។
កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» ថា ចំពោះករណីក្មេងទំនើង បើពិនិត្យលើទំនាក់ទំនងហេតុឱ្យមានបទល្មើស គឺភាគច្រើនពាក់ព័ន្ធនឹងការសេពគប់មិត្តខុស ការដើរលេងផឹកស៊ីពេលយប់ គំនុំគុំកួន ទំនាស់ស្នេហា និង ការប្រើប្រាស់គ្រឿងញៀនជាដើម។
បើតាមលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានថ្លែងឱ្យដឹងក្នុងសន្និសីទសារព័ត៌មាននេះដែរនោះ រយៈពេល ២១២ ថ្ងៃ (គិតត្រឹមថ្ងៃទី២០ ខែធ្នូ) សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្មេងទំនើង ដែលបញ្ជូនទៅសាលាដំបូងនិងអយ្យកាសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស មានសរុបចំនួន ៧២០ សំណុំរឿង ដោយក្នុងនោះចាត់ការបាន ៧១៥ សំណុំរឿង ស្មើនឹង៩៩,៣០%។ ចៅក្រមស៊ើបសួរសម្រេចធ្វើការឃុំខ្លួនចំនួន ៦៩៩ សំណុំរឿង សម្រេចឃុំខ្លួនមនុស្សចំនួន ២ ៨៤៩ នាក់។
ក្នុងនោះដែរ ក្នុងរយៈពេល ៧ ខែក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងនេះ រាជធានីភ្នំពេញទទួលបានសំណុំរឿងច្រើនជាងគេ ឈរនៅលំដាប់ទី១ ទី២ខេត្តកំពង់ស្ពឺ ទី៣ខេត្តតាកែវ ទី៤ខេត្តបន្ទាយមានជ័យ និង ទី៥ខេត្តសៀមរាប។ ដោយឡែក ខេត្តចំនួន ៣ ដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេគឺ ខេត្តស្ទឹងត្រែង (សូន្យករណី) បន្ទាប់មកគឺខេត្តកែប ប៉ៃលិន និង ខេត្តព្រះវិហារ៕
评论被关闭。