រដ្ឋមន្ត្រីកិច្ចការនារី អ៊ឹង កន្ថាផាវី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួងកិច្ចការនារី រាជធានីភ្នំពេញ។ ភាគីទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន លើការលើកកម្ពស់តួនាទីស្រ្តីនិងក្មេងស្រី។
នៅក្នុងជំនួបនោះ លោកស្រី អ៊ឹង កន្ថាផាវី និងលោក វ៉ាង វិនពីន បានរំលេចអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារីកម្ពុជានិងចិនកន្លងមក ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្ត្រីទូទាំងប្រទេសចិន និងតាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆានលើគម្រោងថ្នាក់តំបន់ដែលដឹកនាំដោយក្រសួងកិច្ចការនារី ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល និងការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាដោយផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការនារី តាមរយៈការចាប់ផ្តើមអនុវត្តគម្រោង Chun Lei ដើម្បីលើកកម្ពស់ការសិក្សារបស់ក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនិងការអប់រំដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ដែលកម្មវិធីនេះបានអនុវត្តអស់រយៈពេល ៤៥ ឆ្នាំកន្លងមកនៅប្រទេសចិន ដោយទទួលបានពានរង្វាន់ពីអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ការសិក្សាអប់រំរបស់ក្មេងស្រី ដែលស្ថិតនៅក្រុមងាយរងគ្រោះនិងក្រីក្រ ហើយកម្ពុជាជាប្រទេសទី១ដែលចិនបានជ្រើសរើស សម្រាប់ការចាប់ផ្តើមគម្រោងនៅក្រៅប្រទេស និងឈានទៅកម្មវិធីជាសកល។
ភាគីចិននឹងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំសម្រាប់កុមារីនិងស្ត្រីជាមួយភាគីកម្ពុជា ជួយយុវនារីឱ្យចេះជំនាញវិជ្ជាជីវៈ និងបង្កើតជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរឡើង៕
评论被关闭。