ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន កំពុងដំណើរការដោយរលូន គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៧

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារ​ចំពោះកិច្ច​គ្រប់គ្រង​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន ដោយផ្តោតលើ​ការកសាង​ផ្លូវក្រវាត់​ព្រំដែន បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវក្រវាត់​ព្រំដែន ដោយប្រើប្រាស់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន ដោយផ្តោតលើ​ការកសាង​ផ្លូវក្រវាត់​ព្រំដែន។

សេចក្តី​ប្រកាស​ព័ត៌មាន​បានបង្ហាញថា ក្រុមការងារ​បានយកចិត្ត​ទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន ប្រកបដោយ​ការទទួល​ខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និង សន្សំសំចៃ ដោយគិត​មកត្រឹម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ការកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន សម្រេច​បានលទ្ធផល​ការងារ​ដូចខាងក្រោម៖

១. ការងារ​បោសសម្អាត​មីន-យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ សម្រេចបាន​លើផ្ទៃដី​ទំហំ ១ ៤៦២ ៥០០ ម៉ែត្រក្រឡា ដោយក្នុងនោះ នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​សម្រេច​បានផ្ទៃដី​ទំហំ ១ ២២៥ ០០០ ម៉ែត្រក្រឡា និងនៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​សម្រេច​បានផ្ទៃដី​ទំហំ ២៣៧ ៥០០ ម៉ែត្រក្រឡា ដោយបាន​រកឃើញ​គ្រាប់គ្រប់ប្រភេទ​ចំនួន ២៣ គ្រាប់ ក្នុងនោះ​មានគ្រាប់​ប្រភេទ​ប៊ុមប៊ី​ឬគ្រាប់បែក​ចង្កោម​ចំនួន ៦ គ្រាប់។

២. ការឈូសឆាយ​បើកមុខ​ទទឹង ៥ ម៉ែត្រ​សម្រាប់​រកផ្លូវ​ខ្សែដំបូង សម្រេចបាន​ប្រវែង ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគីរី​សម្រេចបាន​ប្រវែង ៤៩ គីឡូម៉ែត្រ ខេត្តរតនគិរី​សម្រេចបាន​ប្រវែង ៩.៥ គីឡូ ម៉ែត្រ)។

ឈូសផ្លូវ​ទទឹង ២០ ម៉ែត្រ​សម្រាប់​រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាប​ចំណោទភ្នំ សម្រេចបាន​ប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី​សម្រេចបាន​ប្រវែង ២៧,៩០ គីឡូម៉ែត្រ ខេត្តរតនគិរី​សម្រេចបាន​ប្រវែង ៨,៧ គីឡូម៉ែត្រ)។

ធ្វើប្រឡាយ​សម្រេចបាន​ប្រវែង ៣០,២០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី​សម្រេចបាន​ប្រវែង ២២,៦០  គីឡូមែត្រ ខេត្តរតនគិរី​សម្រេចបាន​ប្រវែង ៧,៦០ គីឡូមែត្រ)។

កសាង​តួផ្លូវ​និងចិតជញ្ជាំងភ្នំ សម្រេចបាន​ប្រវែង ២៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី​សម្រេចបាន​ប្រវែង ២២ គីឡូម៉ែត្រ ខេត្តរតនគិរី​សម្រេចបាន​ប្រវែង ៣គីឡូ ម៉ែត្រ)។

ក្រាលល្បាយ​កំទេចថ្ម​ស្ថាពរ សម្រេចបាន​ប្រវែង ១០,២០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។

មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន ដោយផ្តោតលើ​ការកសាង​ផ្លូវក្រវាត់​ព្រំដែន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស​បង្កើត​ជាផ្លូវការ​នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ហើយបានបិទបញ្ចប់ការទទួល​វិភាគទាន​​នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ (ដំណើរការ​ទទួល​វិភាគទាន​រយៈពេល ៦៦ ថ្ងៃ) ដោយមាន​អ្នកចូលរួម​សរុប​ ៧២០ ១០៥ អង្គ / នាក់ និងទទួលបាន​វិភាគទាន​ ៣២ ៩៥២ ៤៤២ ០៤៤ រៀលនិង ១៨ ៧២៩ ៩៩៨ ដុល្លារ​អាម៉េរិក សរុបប្រមាណ ២៦ ៩៦៧ ៦០៩ ដុល្លារ។

បន្ទាប់ពី​រាជរដ្ឋាភិបាល​បិទបញ្ចប់​ការប្រមូល​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន ផ្ដោតលើ​ការកសាង​ផ្លូវក្រវាត់​ព្រំដែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល​បានបើក​ការដ្ឋាន​សាងសង់​ផ្លូវក្រវាត់​ព្រំដែន​ជាផ្លូវការ​ ដែលមាន​ប្រវែង​ប្រមាណ ២៥០ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ដចំនួន ២ គឺខេត្តមណ្ឌលគិរី ​និងខេត្តរតនគិរី ក្នុងនោះ​ខេត្តមណ្ឌលគិរី​មានប្រវែងសរុប ១៤៧,៥២ គីឡូម៉ែត្រ ខេត្តរតនគិរី​មានប្រវែង​សរុប ១០២,៤៨ គីឡូម៉ែត្រ។ ផ្លូវក្រវាត់​ព្រំដែន​នេះគ្រោង​នឹងបញ្ចប់​នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើ​ពេលវេលា ៣០ ខែ៕

你可能还喜欢

评论被关闭。