សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អជាមួយសហរដ្ឋអាម៉េរិក

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានជួបពិភាក្សា​ការងារ​ជាមួយ​លោក គ្រីស ឡាស៊ីន (Chris Larseen) ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Ripple Inc របស់​សហរដ្ឋអាម៉េរិក។

នាឱកាស​នៃជំនួប​នេះ លោក គ្រីស ឡាស៊ីន បានជម្រាប​សម្តេចតេជោ​ថា Ripple Inc ជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ប្លុកឆេន​អាម៉េរិក ដោយលោក​ទទួល​បន្ទុកជា​នាយកប្រតិបត្តិ។ លោកនិង​ក្រុមគ្រួសារ​នឹងខិតខំ​ធ្វើគ្រប់យ៉ាង ​ដើម្បី​រួមចំណែកក្នុងការ​​ពង្រឹង​ទំនាក់​ទំនង​អាម៉េរិកនិងកម្ពុជា ជាពិសេស​ក្នុងរដ្ឋបាល​ថ្មីរបស់​លោកប្រធានាធិបតី ដូណាល់ត្រាំ។

លោកបានឱ្យដឹងថា បច្ចុប្បន្ន​លោកកំពុង​ស្វែងរក​ការវិនិយោគ​ក្នុងវិស័យ​ថាមពល​កកើត​ឡើងវិញ ដើម្បី​ពង្រីក​ការនាំចេញ​បន្ទះ​សូឡា​ផលិត​នៅកម្ពុជា​ទៅកាន់​សហរដ្ឋអាម៉េរិក និងនាំចូល​ឧស្ម័ន​ធម្មជាតិ​តម្លៃ​ទាប​មក​កម្ពុជា ដែលមិនត្រឹម​អាចជួយ​រួមចំណែក​ទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំង​រួមជា​វិភាគទាន​ដ៏សំខាន់​ដល់ការ​លើកកម្ពស់​ទំនាក់​ទំនង​អាម៉េរិក-កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា​តែងតែ​ចង់ធ្វើ​ជាមិត្តល្អ​ជាមួយ​អាម៉េរិក ជាពិសេស​ការជំរុញ​ប្រតិបត្តិការ​លើគ្រប់វិស័យ និងពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ហើយកម្ពុជា​តែងតែ​ត្រូវការ​និងស្វាគមន៍​វិនិយោគិន​ពី​អាម៉េរិក​ជានិច្ច។ ទន្ទឹមនឹងនេះ សម្ដេចតេជោ​បានបង្ហាញ​នូវក្ដី​រីករាយ​ចំពោះ​ការស្វែងរក​ការដំណើរការ​ថ្មីមួយ​ក្នុងការ​នាំចេញ​បន្ទះ​សូឡា​ពីកម្ពុជា​ទៅកាន់​សហរដ្ឋអាម៉េរិក។

មួយរយៈ​ចុងក្រោយនេះ ទំនាក់​ទំនង​កម្ពុជា-អាម៉េរិកបាន​បង្ហាញនូវ​សញ្ញា​វិជ្ជមាន​ជាច្រើន តាមរយៈ​ដំណើរ​ទស្សនកិច្ច​ជាបន្តបន្ទាប់​របស់​មន្ត្រី​ជាន់ខ្ពស់​អាម៉េរិក​មកកាន់​កម្ពុជា។ ការចូលចត​របស់​នាវា​ចម្បាំង​អាម៉េរិក USS Savannah នៅកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពី​ខកខាន​ចូលកម្ពុជា ៨ ឆ្នាំ​មកនេះ បានធ្វើឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​កើនឡើង​មួយកម្រិត​ទៀត ហើយក៏អាច​ឈានដល់​ការធ្វើ​សកម្មភាព​រួមគ្នា​ឡើងវិញ​នូវលំហាត់​ឆ្មាំអង្គរ និងការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ទាក់ទង​នឹងសន្ដិសុខ​ផងដែរ៕

你可能还喜欢

评论被关闭。