សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអភិបាលខេត្តមីយ៉ាហ្គិ ជប៉ុន មូរ៉ាយ យ៉ូស៊ីហ៊ីរ៉ូ
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូបពិភាក្សាការងារជាមួយលោក មូរ៉ាយ យ៉ូស៊ីហ៊ីរ៉ូ ( MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្តនៃប្រទេសជប៉ុន នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក មូរ៉ាយ យ៉ូស៊ីហ៊ីរ៉ូ បានជម្រាបជូនសម្ដេចធិបតីអំពីការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងខេត្តមីយ៉ាហ្គិនៃប្រទេសជប៉ុន ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូននិងទទួលកម្មសិក្សាការីនិងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជានិងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។ លោកមានជំនឿជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀតលើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជានាថ្ងៃអនាគត។
ជាមួយគ្នានោះ លោក មូរ៉ាយ យ៉ូស៊ីហ៊ីរ៉ូ ក៏បានជម្រាបជូនសម្ដេចធិបតីផងដែរថា ក្នុងនាមជាប្រធានសមាគមអភិបាលខេត្តនៃប្រទេសជប៉ុន លោកប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុនជាមួយកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងខេត្តមីយ៉ាហ្គិ។
សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែបានចូលរួមចំណែកដល់ដំណើរការនៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ការស្ដារនិងកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ជាមួយគ្នានោះ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិនិងរដ្ឋាភិបាលជប៉ុនទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅនិងបម្រើការងារនៅប្រទេសជប៉ុន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាចូលរួមពង្រឹងនិងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត បច្ចេកវិទ្យា និង ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុន ទាំងនាពេលបច្ចុប្បន្ននិងអនាគត។
សម្ដេចធិបតីក៏បានជំរុញនិងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តមីយ៉ាហ្គិ បន្តភ្ជាប់ទំនាក់ទំនងនិងពិភាក្សាការងារ ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដាក់ចេញជាផែនការអភិវឌ្ឍជាក់ស្ដែងនាថ្ងៃអនាគត៕
评论被关闭。