ក្រុមហ៊ុនចិននិងសិង្ហបុរី ចាប់អារម្មណ៍ចំពោះសក្ដានុពលវិនិយោគ នៅកម្ពុជា

ប្រតិភូ​ក្រុមហ៊ុន​ចិននិង​សិង្ហបុរី​ចាប់អារម្មណ៍​ការវិនិយោគ ​លើការ​ផលិត​គ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង អចលនទ្រព្យ​នៅកម្ពុជា។

នៅក្នុង​ជំនួប​ការងារ​រវាង​លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ជាមួយ​គណៈប្រតិភូ​វិនិយោគិន​ចិននិង​សិង្ហបុរី ដែលតំណាង​ដោយលោក Darren Teng នាយក​គ្រប់គ្រង​ក្រុមហ៊ុន Cambodia Securities Plc. កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ភាគី​ខាងគណៈប្រតិភូ ​បានបង្ហាញ​ពីគោលបំណង ​ផ្លាស់ប្តូរ​ព័ត៌មាន​សំខាន់​នានា ពាក់ព័ន្ធ​នឹងសក្តានុពល ​និងកាលានុវត្តភាព​វិនិយោគ​នៅកម្ពុជា។

ក្នុងឱកាស​នៃជំនួប​នេះ លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើង​អំពី​បច្ចុប្បន្នភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកបដោយ​ភាពធន់​នៅកម្ពុជា ដែលឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​នៃផលិតផល​ក្នុងស្រុក​សរុបជា​លំដាប់ ស្ថិរភាព​នៃអត្រា​ប្តូរប្រាក់​និងអតិផរណា និង កំណើន​នៃគម្រោង​វិនិយោគ។ រីឯ​បរិយាកាស​វិនិយោគ រាជរដ្ឋាភិបាល​បានខិតខំ​ធ្វើឱ្យ​ប្រសើរឡើង​នូវគោលនយោបាយ ច្បាប់ និង បទប្បញ្ញត្តិ សំដៅ​ធានា​បាននូវ​ភាពបើកចំហ តម្លាភាព អាចប៉ាន់​ប្រមាណ​ទុកជាមុនបាន និង អនុគ្រោះ​ខ្ពស់សម្រាប់​ទាក់ទាញ​វិនិយោគិន ឱ្យមក​បណ្តាក់ទុន​វិនិយោគ​លើគ្រប់វិស័យ​ដោយគ្មាន​ការរើសអើង។

លោកបាន​ស្វាគមន៍​និងលើកទឹកចិត្ត​ដល់វិនិយោគិន​ចិននិង​សិង្ហបុរី ឱ្យចាប់យក​សក្តានុពល​ដ៏សម្បូរបែប​និងកាលានុវត្តភាព​ជាច្រើន ព្រមទាំង​សម្រេចចិត្ត​ជាយុទ្ធសាស្រ្ត​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពីការ​វិនិយោគ​នៅកម្ពុជា។

ជាការឆ្លើយតប លោក Darren Teng បានសម្តែងនូវ​សេចក្តី​សោមនស្ស​រីករាយ និងបាន​បង្ហាញនូវ​ចំណាប់​អារម្មណ៍​ចំពោះ​វឌ្ឍនភាព​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​របស់កម្ពុជា។ លោកជឿជាក់ថា វិនិយោគិន​ដែលបាន​អមដំណើរ​ក្នុងបេសកកម្ម​ការងារ​នេះ នឹងសម្លឹងមើល​ឱកាស​វិនិយោគ​លើសកម្មភាព​ផលិត​គ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង អចលនទ្រព្យ៕

你可能还喜欢

评论被关闭。