ក្រសួងមហាផ្ទៃកម្ពុជាពង្រឹងការត្រួតពិនិត្យ ចំពោះវត្តមានចេញចូលរបស់ជនបរទេស
លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា ជំរុញឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ចំពោះវត្តមានចេញ-ចូលរបស់ជនបរទេស និងការគ្រប់គ្រងលើការស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា រួមទាំងចុះត្រួតពិនិត្យឱ្យបានគ្រប់រោងចក្រសហគ្រាសដែលមានជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិនិងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
នៅក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ចាប់ពីពេលនេះទៅ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងវត្តមានចេញ-ចូលរបស់ជនបរទេស ឱ្យបានហ្មត់ចត់និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការ ទប់ស្កាត់ មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាដល់ការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
លោក គៀត ច័ន្ទថារិទ្ធ បន្ថែមថា ចំពោះការងារគ្រប់គ្រងជនបរទេសដែលមិនមែនអន្តោប្រវេសន៍ ត្រូវបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឱ្យបានច្បាស់លាស់ តាមស្មារតីច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីអន្តោប្រវេសន៍។ ក្នុងន័យនេះ លោក បានស្នើដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យទទួលបានលទ្ធផលល្អ សំដៅធានាការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គម ជាពិសេសសម្រាប់មូលដ្ឋានតែម្តង។ ទន្ទឹមនឹងនេះ ក៏ត្រូវណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទដែលមានជនបរទេសស្នាក់នៅ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងវត្តមានស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS និងត្រូវចាត់វិធានការក្នុងការផាកពិន័យដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលមិនបានរាយការណ៍ព័ត៌មានពាក់ព័ន្ធវត្តមានជនបរទេស ដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោកអំពាវនាវឱ្យជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ដែលគ្រប់អាយុនិងអ្នកដែលត្រូវបន្តសុពលភាព ឱ្យមកដាក់ពាក្យស្នើសុំបណ្ណ និងបន្តសុពលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនណាដែលមិនគោរពនិងអនុវត្តតាមច្បាប់អន្តោប្រវេសន៍កម្ពុជា នឹងប្រឈមមុខជាមួយច្បាប់ជាធរមាន៕
评论被关闭。