កម្ពុជាប្រារព្ធការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរទិវាសន្តិភាព
ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ បានធ្វើពិធីបិទជាផ្លូវការនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ការប្រកួតកីឡាវាយកូនគោលនេះ ធ្វើឡើងរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ) ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម។ នេះក៏ជាការរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាពនិងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយ “ឈ្នះ ឈ្នះ” កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស ជាការរម្លឹកដឹងគុណនិងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសនិងវីរនារីស្នេហាជាតិរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការ “ប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ” របស់រាជរដ្ឋាភិបាលកម្ពុជា និងចូលរួមលើកកម្ពស់បំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជាឱកាន់តែរីកចម្រើនផងដែរ៕
评论被关闭。