កម្ពុជាធ្វើពិធីអបអរសាទរខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួង​ការពារ​ជាតិ​កម្ពុជា​បានប្រារព្ធពិធី​អបអរសាទរ​ខួបលើកទី ២៦ ឆ្នាំ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៃ “ទិវា​សន្តិភាព​នៅកម្ពុជា” នៅវិមាន​ឈ្នះឈ្នះ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ។

លោក ទៀ សីហា បានលើកឡើង​ថា ការរៀបចំ “ទិវា​សន្តិភាព​នៅកម្ពុជា”ឆ្នាំ២០២៤ ជាការ​ដាស់តឿន​ក្រើនរម្លឹក​ដល់ប្រជាជន​កម្ពុជា​គ្រប់ជំនាន់ ទាំងក្នុងពេល​បច្ចុប្បន្ន​ និងពេលអនាគត ឱ្យចងចាំ​ជានិច្ច​អំពី​មហា​វិនាសកម្ម​របស់​ជាតិ និងទុក្ខសោក​លំបាក​វេទនា​របស់​ប្រជាជន​កម្ពុជា ព្រមទាំង ​ផលវិបាក​នានា​ដែលបង្កឡើង​ដោយ​សង្គ្រាម​និងការ​បែកបាក់​ជាតិ ព្រមទាំង​ការបំផុស​ស្មារតី​ដល់ប្រជាជន​កម្ពុជា​គ្រប់ជំនាន់​ឱ្យស្អប់ខ្ពើម​សង្គ្រាម។ ជាពិសេស​ក៏ជា​ការបំផុស​ស្មារតី​ដល់ប្រជាជន​កម្ពុជា​គ្រប់ជំនាន់ ឱ្យយល់ដឹង​ច្បាស់អំពី​គុណតម្លៃ​នៃសុខសន្តិភាព ហើយរួមគ្នា​លើកកម្ពស់​វប្បធម៌​សន្តិភាព​ នៅកម្ពុជា ការចូលរួម​ការពារ​និងថែរក្សា​ឱ្យបាន​ដាច់ខាត​នូវសុខ​សន្តិភាព ដែលជា​អាយុ​ជីវិត​របស់​ជាតិ និងជាគ្រឹះ​ដ៏មានតម្លៃ​បំផុត​សម្រាប់ការ​អភិវឌ្ឍ​ប្រទេសជាតិ និងភាព​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា​ប្រកបដោយ​ចីរភាព។

នៅថ្ងៃទី២៩ ខែធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ក៏បាន​ចេញសារ​អបអរសាទរ​ទិវា​សន្តិភាព​នៅកម្ពុជា ដោយសម្តេច​បានគូសបញ្ជាក់​ថា ២៦ ឆ្នាំ​ដែលកម្ពុជា​ទទួលបាន​សន្តិភាព គឺមិនមែន​ងាយស្រួល​នោះឡើយ ដូច្នេះ​យើងត្រូវ​ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍​ឯក និងប្រតិបត្តិករ​នយោបាយ​ឈ្នះឈ្នះ។

រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់​ឆ្នាំជា “ទិវា​សន្តិភាព​នៅកម្ពុជា” ជាថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយនៅ​ប្រទេស​កម្ពុជា ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បំណង​ប្រាថ្នា​ដ៏ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺការ​ស្រឡាញ់​សន្តិភាព ស្អប់ខ្ពើម​សង្គ្រាម។ “ទិវាសន្តិភាព​នៅកម្ពុជា” នេះ ពីមុន​ត្រូវបាន​ប្រសិទ្ធនាម​ថា “ទិវា​នយោបាយ​ឈ្នះឈ្នះ​របស់​សម្ដេចតេជោ ហ៊ុន សែន”៕

你可能还喜欢

评论被关闭。