ព្រឹត្តិការណ៍ “សាទរកម្ពុជា” ប្រារព្ធនៅម៉ោង ៣ រសៀលថ្ងៃនេះរហូតដល់ឆ្លងឆ្នាំសកល ២០២៥

ព្រឹត្តិការណ៍ “សាទរកម្ពុជា” (Celebrating Cambodia) នឹងប្រារព្ធ​ឡើងចាប់ពី​ម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្ត​រហូតដល់​វេលា​ឆ្លងឆ្នាំសកល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារមុខព្រះបរមរាជវាំង។ នេះបើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍ “សាទរកម្ពុជា” ឆ្នាំ២០២៤ របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ “សាទរកម្ពុជា” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះបានលើកឡើងថា “សាទរកម្ពុជា” ជាព្រឹត្តិការណ៍​នៃការ​អបអរសាទរ​ដល់សង្គម​មួយដែល​ប្រកបដោយ​ភាពរស់រវើក ជាមួយនឹង​ការបង្ហាញ​វិសេសភាព​នៃ “អត្តសញ្ញាណ” ដោយសមានចិត្ត​សោមនស្ស​ចំពោះ​អ្វីៗ​ដែលឆ្លងកាត់ និងជ័យជម្នះ​និងការលើក​តម្កើន “មោទកភាព” ក្នុងភាព​ជាប្រជាជាតិ​មួយ។ ព្រឹត្តិការណ៍ “សាទរកម្ពុជា” ជាការ​អបអរសាទរ​នូវគុណតម្លៃ​រួមគ្នា​ដើម្បី​បង្ហាញ “មោទកភាព” ចំពោះ​បណ្តា​សមិទ្ធផល​នៃការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​កម្ពុជា ជាមួយ​ការរក្សា​បាននូវ​ “អត្តសញ្ញាណ” ​នៃប្រជាជាតិ​និងប្រជាជន និង “ការ​អបអរសាទរ” ​ដល់ការ​រួមរស់​ជាមហា​គ្រួសារ​ខ្មែរតែមួយ។ មិនត្រឹម​តែប៉ុណ្ណោះ ព្រឹត្តិការណ៍​នេះគឺផ្តល់ជា​វេទិកា​និងឱកាស​ដល់គ្រប់​កោសិកា​សង្គម គ្រប់ស្រទាប់​វណ្ណៈ គ្រប់សហគមន៍ និង មជ្ឈដ្ឋាន បង្ហាញនូវ​មោទកភាព​ចំពោះ​អត្តសញ្ញាណ​របស់​ខ្លួនក្រោម “ទង់នៃ​ព្រះរាជាណាចក្រ​កម្ពុជា” ដោយការ​រួបរួម។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធី​ដ៏គួរឱ្យ​រំភើប​ជាច្រើន ដូចជា​ក្បួនដង្ហែ​ដែលមាន​អ្នកចូលរួម​ប្រមាណ ៣ ០០០ នាក់ ការរចនា​តុបតែង​ដ៏ស្រស់ស្អាត​ជាច្រើន ដែលផ្សារភ្ជាប់​គំនិត​ច្នៃប្រឌិត​បុរាណ​ និងសហសម័យ ល្បែងកម្សាន្ត​ទសវត្សរ៍​ឆ្នាំ៨០ ស្តង់ម្ហូបអាហារ ២៥ រាជធានី-ខេត្ត និង ការប្រគំ​តន្រ្តី សម្ដែង​សិល្បៈ​ចម្រុះ​ដែលមាន​សិល្បៈករ​ល្បីៗ​ជាច្រើនរូប ក៏ដូចជា​ការរាប់​ថយក្រោយ​ឆ្លងឆ្នាំ​សកល២០២៥ ជាមួយ​ការបាញ់​កាំជ្រួច​ផងដែរ៕

你可能还喜欢

评论被关闭。