រដ្ឋមន្ត្រីពាណិជ្ជកម្ម ចម និម្មល ធ្វើជាអធិបតីពិធីបើក ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤
“ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” បានធ្វើពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
“ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” ធ្វើឡើងក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេង ដើម្បីសេដ្ឋកិច្ចថាមវន្តនិងបរិយាប័ន្ន” ដោយមានវត្តមានចូលរួមពីសំណាក់ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឧកញ៉ា គួច ផេង តំណាងអង្គការបណ្ដាញសហគ្រិនសកលកម្ពុជា (GEN Cambodia) និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងម្ចាស់អាជីវកម្ម ក្រុមហ៊ុន សហគ្រាស វិស័យឯកជន និង សិស្សានុសិស្សជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីបើក លោកស្រី ចម និម្មល បានកោតសរសើរចំពោះ YEAC និង GEN Cambodia ដែលបានសហការរៀបចំទិវាប្រកបដោយអត្ថន័យនេះឡើង និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានជាច្រើនរបស់សមាគម ក្នុងរយៈពេលជាង ១៥ ឆ្នាំមកនេះ ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់របស់សមាគម ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកស្រីបន្តថា ប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះ បានសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សហគ្រិនវ័យក្មេង ក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយការច្នៃប្រឌិត បណ្តុះនូវឯកទេសនិងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗនៃការធ្វើធុរកិច្ចនិងវិនិយោគ ជាពិសេសការធ្វើពាណិជ្ជូបនីយកម្មឌីជីថល។ វេទិកានេះនឹងផ្តល់នូវសារៈសំខាន់ជាសារវន្ត ទាំងលើការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗពីវាគ្មិននិងតួអង្គពាក់ព័ន្ធ ព្រមទាំងកសាងនូវបណ្តាញទំនាក់ទំនងគ្នាកាន់តែប្រសើរដល់អ្នកចូលរួមទាំងអស់ផងដែរ។
លោកស្រីបានគូសបញ្ជាក់ថា សហគ្រិនវ័យក្មេងប្រកបដោយថាមវន្ត និងវិស័យឯកជនដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់អាជីវកម្ម និង វិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី ចម និម្មល បានលើកទឹកចិត្តនិងស្នើឱ្យវិនិយោគិន សមាជិក សហគ្រិនវ័យក្មេង សហគ្រាសធុនមីក្រូ តូច និង មធ្យម រួមគ្នាសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពនិងឯកទេសនីយកម្មរបស់ខ្លួន ដោយត្រូវតាមឱ្យទាន់ការវិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការប្រកួតប្រជែងក្នុងយុគ្គសម័យឌីជីថល។ លើសពីនេះ ចាំបាច់ត្រូវរួមសហការគ្នាប្រកបដោយភាពបុរេសកម្ម និងអន្តរសកម្មបំផុតក្នុងការចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែប្រសើរ៕
评论被关闭。