សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Ripple Inc សហរដ្ឋអាម៉េរិក Chris Larsen
នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក គ្រីស ឡាសិន (Chris Larsen) នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាម៉េរិក Ripple Inc និងលោកស្រី លីណា ឡាំ (Lyna Lam) ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក គ្រីស ឡាសិន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ លោកបានជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ លោក គ្រីស ឡាសិន និងលោកស្រី លីណា ឡាំ បានជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សានិងអភិរក្សវប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាម៉េរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ លោកទាំងពីរក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា នៅតាមទីជនបទផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក គ្រីស ឡាសិន ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ សម្ដេចបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលការប្រើប្រាស់ថាមពលកកើតឡើងវិញនាពេលបច្ចុប្បន្ននេះបានឈានដល់ ៦២% រួចហើយ។
សម្ដេចធិបតីបានបន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជារវាងវិស័យឯកជននិងវិស័យឯកជនកម្ពុជា-អាម៉េរិកផងដែរ។
ចំពោះការរួមចំណែកថែរក្សានិងអភិរក្សវប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាម៉េរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងវត្តអារាមនៅសហរដ្ឋអាម៉េរិករបស់លោក គ្រីស ឡាសិន និងលោកស្រី លីណា ឡាំ។ សម្ដេចក៏បានលើកទឹកចិត្តដល់លោក គ្រីស ឡាសិន និងលោកស្រី លីណា ឡាំ ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្សវប្បធម៌និងប្រពៃណីខ្មែរបន្ថែមទៀត ហើយសម្តេចក៏រីករាយចំពោះបំណងនិងសមានចិត្តជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសមិទ្ធផលនិងវឌ្ឍនភាពនៃគោលនយោបាយគាំពារសង្គម និងលើកកម្ពស់សុខុមាលភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងវិស័យសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់លើការពង្រីកវិសាលភាព និងពង្រឹងសេវាថែទាំសុខភាពទៅដល់មូលដ្ឋាន នៅក្នុងក្របខណ្ឌទូទាំងប្រទេស ការអភិវឌ្ឍវិស័យអប់រំ និង ការបង្កើតការងារ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕
评论被关闭。