ប្រធានាធិបតីចិន ស៊ី ជីនភីង កោតសរសើរនិងចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជា

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា​ បានឱ្យដឹងថា លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន បានកោតសរសើរ ​និងចាត់ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ  ជាគំរូ​នៃកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និងកម្ពុជា។

លោក វ៉ាង វិនពីន បានថ្លែង​បែបនេះ ​នាឱកាសដែល​លោកបានទៅ​ទស្សនា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកវ៉ាង វិនពីន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បាន​លើកឡើង​ថា លោករីករាយ​ណាស់ដែល​បានទស្សនាតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលវិនិយោគ ​និងសាងសង់​ដោយក្រុមហ៊ុន​ចិន។ ក្នុងរយៈពេល ១៦ ឆ្នាំ​កន្លងមក តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ បានទាក់ទាញ​ក្រុមហ៊ុន​ចំនួន ២០២ មកពី​ជាង ១០ ប្រទេស បានបង្កើត​ឱកាស​ការងារ​ជាង ៣ ម៉ឺនកន្លែង​សម្រាប់​ប្រទេស​កម្ពុជា ហើយបរិមាណ​នាំចូល​ និងនាំចេញ​ប្រចាំឆ្នាំ​របស់​ខ្លួនមាន​ចំនួន ៧% នៃចំនួន​នាំចូល​ និងនាំចេញ​សរុប​របស់​កម្ពុជា។

លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី​ចិន ស៊ី ជីនភីង បានកោតសរសើរ​ និងចាត់ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជាគំរូ​នៃកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និងកម្ពុជា។ លោកបាន​ជូនពរ​ឱ្យតំបន់​សេដ្ឋកិច្ច​ពិសេសនេះទទួលបាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង និងក្លាយជា​គំរូ​នៃការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់នៃ​កិច្ចសហប្រតិបត្តិការ​ចិន-កម្ពុជា។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ត្រូវបាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បានទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុជាកូនបង្កើត ​ដែលសម្ដេច​បានបង្កើតមក​ដោយផ្ទាល់ដៃ។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅខេត្តព្រះសីហនុ លោក វ៉ាង វិនពីន ក៏បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាង ស៊ីណេត អភិបាលខេត្ត​ព្រះសីហនុ​ផងដែរ។

ក្នុងឱកាស​នៃជំនួប​នេះ លោក វ៉ាង វិនពីន បានអបអរសាទរ​ខេត្តព្រះសីហនុ ដែលសម្រេចបាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​មនុស្សម្នាក់​លើសពី ៤ ០០០ ដុល្លារ​អាម៉េរិក។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែលវិនិយោគ​ដោយប្រទេសចិន បានរួម​ចំណែក​ជាងពាក់កណ្តាល​នៃផលិតផល​ក្នុងស្រុក​សរុប​របស់​ខេត្តព្រះសីហនុ ហើយភ្ញៀវទេសចរ​ចិន គឺជា​ចំនួន​ភ្ញៀវទេសចរ​បរទេស​ច្រើនជាងគេ​ដែលមក​ទស្សនា​ខេត្តព្រះសីហនុ។

លោក វ៉ាង វិនពីន និងលោក ម៉ាង ស៊ី ណេត បានឯកភាពគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​ខេត្តព្រះសីហនុ ក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង ការប្រយុទ្ធ​ប្រឆាំង​នឹងការ​លេងល្បែង​អនឡាញ និងការ​ឆបោក​តាមប្រព័ន្ធ​អនឡាញ ដើម្បី​ធ្វើឱ្យ​ខេត្តព្រះសីហនុ​ក្លាយជា​គំរូ​សម្រាប់​កិច្ចសហប្រតិបត្តិការ​តាមខេត្ត-ក្រុង​រវាង​ប្រទេស​ចិន​ និងកម្ពុជា៕

你可能还喜欢

评论被关闭。