រាជរដ្ឋាភិបាលបង្កើតក្រុមការងារបច្ចេកទេស សម្របសម្រួលគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារបច្ចេកទេស ដើម្បីសម្របសម្រួលគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ជូនប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលមានប្រាក់ចំណូលទាប។
ក្រុមការងារបច្ចេកទេសនេះ មានតួនាទី និងភារកិច្ចសម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដោយធ្វើការវាយតម្លៃផលប៉ះពាល់លើចំណូលរបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ សម្របសម្រួលនិងពន្លឿនការរៀបចំបែបបទ និងការអនុម័តលើការស្នើសុំការលើកលែងពន្ធ តាមដាននិងត្រួតពិនិត្យការអនុវត្តការអនុគ្រោះពន្ធ និងអាករផ្សេងៗ ដើម្បីធានាតម្លាភាពនិងសុក្រឹតភាព។
ក្រុមការងារនេះក៏មានតួនាទី និងភារកិច្ចពិនិត្យ និងផ្តល់យោបល់លើការគាំទ្រការតភ្ជាប់ រួមមានផ្លូវ ទឹក ភ្លើង និង សេវាសាធារណៈផ្សេងៗទៀតតាមករណីជាក់ស្ដែង ទៅតាមសំណើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងត្រួតពិនិត្យ និងតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដែលប្រើប្រាស់ថវិការដ្ឋ។ ពិនិត្យលទ្ធភាពក្នុងការស្នើជម្រើសហិរញ្ញប្បទាន ដើម្បីផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យក្នុងករណីចាំបាច់ ក៏ដូចជារិះរកវិធានការនិងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេសពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់សម្រាប់ទិញលំនៅឋាន ឱ្យសមស្របនឹងលទ្ធភាពរបស់ក្រុមគ្រួសារមានប្រាក់ចំណូលទាបនិងមធ្យម។
ជាមួយគ្នានេះ ក្រុមការងារនេះក៏ជួយសម្របសម្រួលជាមួយស្ថាប័នផ្តល់សេវាពាក់ព័ន្ធ ទាំងរដ្ឋនិងឯកជន សំដៅពន្លឿនដំណើរការនិងប្រសិទ្ធភាពនៃការងារតភ្ជាប់ឱ្យទាន់ពេល មុនការបញ្ចប់ការសាងសង់អគារលំនៅឋាន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យមានចំនួន ៤ គម្រោង៖ ១. គម្រោងលំនៅឋានអារ៉ាខាវ៉ា មានទីតាំងនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២. គម្រោងហ្ក្រេនផាក មានទីតាំងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣. គម្រោងបុរីសែនមនោរម្យព្រែកតាទែន មានទីតាំងនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។ ៤. គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល មានទីតាំងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តនិងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ ដើម្បីលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការដែលមានប្រាក់ចំណូលទាបនិងមធ្យម៕
评论被关闭。