រមណីយដ្ឋានអង្គរទទួលបានទេសចរបរទេសជាង ១ លាននាក់និងចំណូលជាង ៤៧ លានដុល្លារក្នុងឆ្នាំ២០២៤

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា នៅក្នុង​ឆ្នាំ២០២៤ ​មានភ្ញៀវទេសចរ​បរទេស​ចំនួន ១ ០២៣ ៦៨៨ នាក់ បាន​ទិញ​សំ​​បុត្រ​​ចូល​ទស្សនា​​រមណីយដ្ឋាន​អង្គរ កើនឡើង ២៨,២៧% ខណៈប្រាក់ចំណូល​ទទួបាន ៤៧ ៨២៦ ៩៨១ ដុល្លារ កើនឡើង ២៨,៥៧% បើធៀបនឹង​ឆ្នាំ២០២៣។

អ្នកជំនាញ​ទេសចរណ៍ លោក ធួន ស៊ីណាន ​ប្រធាន​​សមា​គម​​ទេសច​រណ៍​​អាស៊ី​-ប៉ាស៊ីហ្វិក​​កម្ពុជា (PATACC) បានឱ្យដឹងថា បើសិនជា​ភូមិសាស្ត្រន​យោបាយ​ពិភពលោក​និង​វិបត្តិ​ផ្សេងៗ​ មិនរីករាលដាល​បន្ថែម​ទៀត រួម​ផ្សំ​នឹងការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល កំណើន​ទេសចរ​ឆ្នាំ២០២៥នឹងល្អប្រសើរ​ជាងឆ្នាំ២០២៤។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែងថា តាមរយៈ​ការដាក់ចេញ​នូវគោលនយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋា​ភិបាល ផែនការ​យុទ្ធសាស្ត្រ​និងវិធានការ​អន្តរាគមន៍​នានា និងការ​ប្ដេជ្ញាចិត្ត​ក្នុងការ​ចូលរួម​​ពីអន្តរ​​ក្រសួង​ស្ថាប័ន​និងភាគី​​ពាក់ព័ន្ធ បានបង្ហាញថា អភិក្រម​ជវភាព​នៃប្រព័ន្ធ​​តួអង្គ​តែ​មួយ​​បានក្លាយ​ជា​កម្លាំង​ចលករ​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យងើប​ឡើងវិញ និងកំពុងវិល​ត្រឡប់​ទៅរក​​ស្ថាន​ភាព​ដូចមុន​​វិបត្តិ​កូវីដ-១៩។

យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសរណ៍ គិតត្រឹម​រយៈពេល ១១ ខែ ឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៦ លាននាក់។ កម្ពុជា​រំពឹង​​ទទួល​បាន​​ភ្ញៀវទេសចរ​​អន្តរជាតិ​ប្រមាណ ៦,៧ លាន​នាក់សម្រាប់​ឆ្នាំ២០២៤ និងភ្ញៀវទេសចរ​ជាតិ​ប្រមាណ​​ ២២ លាននាក់៕

你可能还喜欢

评论被关闭。