ធនាគារជាតិដាស់តឿនសាធារណជនប្រុងប្រយ័ត្ន ចំពោះប្រាក់ដុល្លារក្លែងក្លាយដែលកំពុងចរាចរនៅកម្ពុជា

ធនាគារ​ជាតិនៃ​កម្ពុជា​បានប្រកាស​ឱ្យសាធារណជន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និងត្រួតពិនិត្យ​​ឱ្យ​បានហ្មត់ចត់ មុននឹង​ទទួលយក​ក្រដាសប្រាក់​ដុល្លារអាម៉េរិក។

ធនាគារជាតិ​បានបញ្ជាក់​នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ថា ទន្ទឹមនឹង​ការចរាចរ​ក្រដាស​ប្រាក់ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា ក្រដាស​ប្រាក់ដុល្លារ​ក្លែងក្លាយ​ក៏កំពុង​ត្រូវបាន​ចរាចរ​ផងដែរ។ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចរាចរ​ក្រដាស​ប្រាក់ដុល្លារ​ក្លែងក្លាយ និងតាម​សំណើ​របស់​ភ្នាក់ងារ​សម្ងាត់​អាម៉េរិក ធនាគារជាតិ​នៃកម្ពុជា​ស្នើឱ្យ​គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ ដកហូត​ក្រដាស​ប្រាក់ដុល្លារ​ក្លែង​ក្លាយ​ពីអតិ​ថិជន​ដោយគ្មាន​សំណង រួចបញ្ជូន​ទៅភ្នាក់ងារ​សម្ងាត់​អាម៉េរិក​​ជាមួយ នឹង​របាយ​ការណ៍​ដូចមាន​ភ្ជាប់ក្នុង​ឧបសម្ព័ន្ធ ដើម្បី​ភ្នាក់ងារ​សម្ងាត់​អាម៉េរិក​ស៊ើបអង្កេតបន្ត។

ធនាគារជាតិ​ក៏បាន​បង្គាប់ឱ្យ​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ រក្សាទុក​ព័ត៌មាន​អំពី​​អត្តសញ្ញាណ​​អតិថិជន​ដែលចរាចរ​ក្រដាស​ប្រាក់ដុល្លារ​ក្លែងក្លាយ ហើយផ្តល់​ព័ត៌មាន​​ទាំងនេះ​​ទៅដល់​ធនាគារជាតិ។

ធនាគារជាតិក៏បាន​អំពាវ​នាវ​ឱ្យសាធារណជន​ត្រូវមាន​ការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យ​ពិច័យ​ឱ្យបាន​ហ្មត់ចត់ មុននឹង​ទទួលយក​ក្រដាស​ប្រាក់ដុល្លារ​ ក្នុងករណី​មានការ​​សង្ស័យ​​ថា​ក្រដាស​ប្រាក់ដុល្លារ​នោះក្លែងក្លាយ ត្រូវផ្តល់​ព័ត៌មាន​ជូនធនា​គារ​ជាតិ​នៃ​កម្ពុជា។

ទន្ទឹមនឹងនេះ ធនាគារ​ជាតិនៃ​កម្ពុជា​ក៏លើកទឹកចិត្ត​ឱ្យគ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ ណែនាំ​អតិថិជន​របស់​ខ្លួនអំពី​របៀប​កំណត់​អត្តសញ្ញាណ​ក្រដាស​ប្រាក់ដុល្លារ​ពិត ដើម្បី​ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​ក្រដាស​ប្រាក់ដុល្លារ​ក្លែង​ក្លាយ៕

你可能还喜欢

评论被关闭。