ក្រសួងមហាផ្ទៃចាប់ផ្តើមពង្រឹងការគ្រប់គ្រងផ្លាកលេខក្លែងក្លាយ ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើស
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាឱ្យបង្កើតក្រុមការងារចល័តពិនិត្យផ្លាកលេខក្លែងក្លាយ ដែលបំពាក់លើរថយន្ត ម៉ូតូ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស។
លោក ស សុខា បានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្ដិសុខ សណ្ឋាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
លោកបានថ្លែងថា ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយនៅជាបញ្ហាប្រឈម ដែលបង្កការលំបាកក្នុងការរកអត្តសញ្ញាណពិតនៃម្ចាស់យានយន្ត។ លោកជំរុញឱ្យបង្កើតក្រុមការងារចល័តដែលមានសមាជិក ៤ ទៅ ៥ នាក់ក្នុងមួយក្រុម ដោយសហការផ្នែកបច្ចេកទេសជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីពិនិត្យលើបញ្ហាផ្លាកលេខក្លែងក្លាយនេះ។
ផ្លាកលេខម៉ូតូឬរថយន្តពិតឬក្លែងក្លាយ ជួនកាលមិនអាចមើលដឹង នឹងភ្នែកនោះឡើយ ណាមួយនៅពេលដែលយានយន្តកំពុងធ្វើចរាចរណ៍ សមត្ថកិច្ចពាក់ព័ន្ធមិនអាចហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យដោយគ្មានមូលហេតុឡើយ។ ការបែងចែកផ្លាកលេខយានយន្តពិតឬក្លែងក្លាយ ជាទូទៅគឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។
យោងតាមមាត្រា ៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោក ជនណាបានប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យាន ផ្លាកលេខសម្គាល់យាន ឬ លិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាវត្ថុក្លែងក្លាយ ឬជនក្លែងបណ្ណបើកបរ បណ្ណសម្គាល់យាន ឬ លិខិតអនុញ្ញាតផ្សេងៗដើម្បីចរាចរយាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ ឬ/និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០ លានរៀល៕
评论被关闭。