លោក ហ៊ុន ម៉ានី ថ្លែងអំណរព្រះរាជគុណដល់ព្រះមហាក្សត្រ ដែលអនុញ្ញាតឱ្យរៀបចំកម្មវិធី សាទរកម្ពុជា នៅមុខព្រះបរមរាជវាំង
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរព្រះរាជគុណថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលទ្រង់បានព្រះរាជានុញ្ញាតឱ្យរៀបចំកម្មវិធី “សាទរកម្ពុជា” នៅខាងមុខព្រះបរមរាជវាំង បន្ទាប់ពីកម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
លោក ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្តល់នូវភាពកក់ក្តៅនិងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។
លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជានិងរូបលោកផ្ទាល់ មានការប្តេជ្ញាខ្ពស់ក្នុងការការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ យើងនឹងដង្ហែតាមព្រះរាជតម្រិះនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និង សុខដុមរមនា៕
评论被关闭。