គណៈប្រតិភូសិក្សាស្រាវជ្រាវគណបក្សប្រជាជនកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសចិន

គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​គណបក្ស​ប្រជាជន​កម្ពុជា បានទៅ​បំពេញ​ទស្សនកិច្ច​នៅក្រុងឆុងឈីង (Chongqing) និងខេត្តយូណាន (Yunnan) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងឆ្នាំ២០២៤។

សមាភាព​គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​គណបក្ស​ប្រជាជន​កម្ពុជា​មានចំនួន ៣០ រូប ដឹកនាំ​ដោយលោកស្រី ខា ឡេង សមាជិកា​គណៈកម្មាធិការ​កណ្តាល និងជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា ការបំពេញ​ទស្សនកិច្ច​នៅក្រុង​ឆុងឈីងនិងខេត្ត​យូណាន ធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​សិក្សា​លើយុទ្ធសាស្ត្រ៖ចំនួន ៣ ៖ ១. លើកកម្ពស់​ការកែច្នៃ​ផលិតផល​ដើម្បី​បង្កើន​តម្លៃ​បន្ថែម។ ២. ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន។ ៣. តួនាទី​ស្ថាប័ន​និងអាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងការ​ជំរុញ​វិនិយោគ​និងពាណិជ្ជកម្ម។

គណៈប្រតិភូ​មានគោលបំណង​​សិក្សា​រៀនសូត្រ និងដកស្រង់​បទពិសោធន៍​ជាក់ស្តែង​ពីភាគី​ចិន ក្នុងការងារ​គ្រប់គ្រង​រដ្ឋនិង​បក្ស​នៅថ្នាក់​មូលដ្ឋាន ក៏ដូចជា​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​នៅក្នុង​ការធ្វើ​ទំនើបកម្ម​បែបចិន ដើម្បី​ជាមូលដ្ឋាន​ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ការកសាង​សហគមន៍​វាសនា​រួមកម្ពុជា-ចិន ដែលមាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង ស្តង់ដាខ្ពស់ ដែលត្រូវបាន​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម រវាង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិទី៦ និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការ​បក្សកុម្មុយនីស្ត​ចិន និងត្រូវបាន​បញ្ជាក់​សាជាថ្មី​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិទី៧។

នៅក្រុងឆុងឈីង គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានជួប​សម្តែង​ការគួរសម​ជាមួយ​លេខារង​បក្សក្រុង​ឆុងឈីង និងបាន​ស្វែងយល់​ពីការ​ផលិត​រថយន្ត ការគ្រប់គ្រង​កំពង់ផែ​និងការដឹកនាំ​តាមទន្លេ​យង់សេ និង ការដឹកជញ្ជូន​តាមផ្លូវថ្នល់ ផ្លូវដែក និង ផ្លូវអាកាស ដែលតភ្ជាប់​ជាមួយ​ខេត្តចំនួន ១២ នៅតំបន់​កណ្តាល​និងតំបន់​ខាងលិច​របស់​ប្រទេស​ចិន និងភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀតនៅទិស​ខាងកើត ខាងជើង ខាងលិច និង ខាងត្បូង។ បន្ទាប់មក គណៈប្រតិភូ​បានជួប​ពិភាក្សា​ការងារ​ជាមួយ​លេខាបក្ស​ស្រុកជុងណាន ដែលមាន​ជំនាញ​ដាំក្រូចឆ្មារ​និងស្ពៃចង្កឹះ ផ្គត់ផ្គង់​ប្រមាណ ៥០% ក្នុង​ប្រទេសចិន។

នៅខេត្តយូណាន គណៈប្រតិភូ​សិក្សា​ស្រាវជ្រាវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​ស្វាគមន៍​ដោយលេខាបក្ស​នៃសាកលវិទ្យាល័យ​ជនជាតិ​ភាគតិច​ខេត្តយូណាន។ គណៈប្រតិភូ​ក៏បាន​ចុះសិក្សា​ស្វែងយល់ តាមរយៈ​ការណែនាំ​អំពី​ខ្សែសង្វាក់​ផលិតកម្ម​នៃដំណាំ​ផ្សិត ការហ្វេ តែ និង ផ្កា​របស់​ខេត្តយូណាន ដែលបាន​ផ្គត់ផ្គង់​ក្នុងបរិមាណ​ច្រើនជាងគេ​បង្អស់​នៅប្រទេស​ចិន។ គណៈប្រតិភូ​ក៏បាន​ទៅទស្សនា​បុរី​មួយដែល​ប្រមូលផ្តុំ​ជនជាតិ​ភាគតិច​ទាំង ២៥ នៅខេត្ត​យូណាន និងបានទៅ​សិក្សា​ពីការ​កសាង​បក្ស ​និងការ​រៀបចំ​ភូមិថ្មី​មួយដែលធ្លាប់ជា​សហគមន៍​នេសាទ។ គណៈប្រតិភូ​ក៏បាន​ទៅសិក្សា​ពីការ​កសាងបក្ស​នៅអគារ​ពាណិជ្ជកម្ម​មួយ ហើយក៏បាន​ជួបជាមួយ​តំណាង​ក្រុមហ៊ុន​ដែលកំពុង​វិនិយោគ​នៅកម្ពុជាចំនួន ២ គឺក្រុមហ៊ុន​ភស្តុភារកម្ម និង ក្រុមហ៊ុន​កសិកម្ម​ទំនើប៕

你可能还喜欢

评论被关闭。