អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់លេខ ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ ក្នុងឆ្នាំ២០២៥
សារព័ត៌មានដ៏ធំរបស់សហរដ្ឋអាម៉េរិក CNN បានចាត់ថ្នាក់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្នុងលំដាប់ថ្នាក់លេខ ៥ ក្នុងចំណោមគម្រោងស្ថាបត្យកម្មកំពូលៗទាំង ១១ របស់ពិភពលោកក្នុងឆ្នាំ២០២៥។ ការចាត់ថ្នាក់នេះគឺផ្អែកលើស្នាដៃស្ថាបត្យកម្ម ការរចនាដោយប្រើប្រាស់ធម្មជាតិបៃតងដែលគិតគូរអំពីបរិស្ថាន និង ការចេះច្នៃទីតាំងតូចឱ្យមានភាពទាក់ទាញជាដើម។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F ដែលអាចទទួលយន្តហោះខ្នាតធំ ដូចជាយន្តហោះ Airbus A380-800 និង យន្តហោះ Boeing747-800 និងអាចទទួលភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើនក្នុងមួយឆ្នាំៗ។ អាកាសយានដ្ឋានថ្មីនេះជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស (OCIC) ក្រោមទុនវិនិយោគចំនួន ១,៥ ប៊ីលានដុល្លារអាម៉េរិក និងគ្រោងដាក់ឱ្យប្រើប្រាស់នៅខែកក្កដា ឆ្នាំ២០២៥នេះ។
គម្រោងស្ថាបត្យកម្មកំពូលៗទាំង ១១ លើពិភពលោក ដែល CNN បានចាត់ចំណាត់ថ្នាក់និងចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ រួមមាន៖ (១) ផ្សារត្រីស៊ីដនីថ្មី (New Sydney Fish Market) ប្រទេសអូស្រ្តាលី (២) សាលពិព័រណ៍ Grand Ring អូសាកា ប្រទេសជប៉ុន (៣) អគារ Life & Mind របស់សកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស (៤) សាលារៀន Canadian School ប្រទេសម៉ិកស៊ិក (៥) អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ (៦) ស្ថានីយ៍ដឹកជញ្ជូន South Station Redevelopment នៅក្រុងបូស្តុន សហរដ្ឋអាម៉េរិក (៧) មជ្ឈមណ្ឌល Goethe-Institute ប្រទេសសេណេហ្កាល់ (៨) អគារ Urban Glen នៅទីក្រុងហានចូវ ប្រទេសចិន (៩) ស្ថានីយ៍មេត្រូ (Metro) ក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត (១០) មជ្ឈមណ្ឌលពាណិជ្ជកម្ម Skypark ប្រទេសលុចសំបួ (១១) ស្ពានតាន់ជាំង (Danjiang) នៅកោះតៃវ៉ាន់ ប្រទេសចិន៕
评论被关闭。