មន្ទីរពេទ្យគន្ធបុប្ផាបានពិគ្រោះព្យាបាលកុមារនិងស្រ្តីមានផ្ទៃពោះជាង ១ លានករណីក្នុងឆ្នាំ២០២៤

យោងតាម​រ​បាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលបាន​ផ្សព្វផ្សាយ​នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេល​ពេញមួយឆ្នាំ២០២៤ មន្ទីរពេទ្យ​គន្ធបុប្ផាភ្នំពេញ​និងមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នៅខេត្តសៀមរាប បានទទួល​ពិគ្រោះ​ព្យាបាល​អ្នកជំងឺ​កុមារ​និងស្ត្រី​មានផ្ទៃពោះ​សរុប​ចំនួន ១ ២៥៣ ៧៧៤ ករណី។

ក្នុងចំណោម ១ ២៥៣ ៧៧៤ ករណីនេះ មន្ទីរពេទ្យ​បានពិនិត្យ​ព្យាបាល​កុមារ​នៅផ្នែក​ពិគ្រោះ​ជំងឺក្រៅ​ចំនួន ៩៤១ ១៦៥ ករណី និងកុមារ​សម្រាក​ព្យាបាល​ក្នុងមន្ទីរពេទ្យ​ចំនួន ១៨៥ ៧៣៥ នាក់។

ចំណែក​ស្ត្រីមាន​ផ្ទៃពោះ បានពិនិត្យ​តាមដាន​ផ្ទៃពោះចំនួន ១០៥ ៣៩៦ ករណី សម្រាលកូន​ចំនួន ២១ ១៣៩ នាក់ ការវះកាត់​ទូទៅ​ចំនួន ៣១ ២៤៧ នាក់ និងវះកាត់​ជំងឺ​បេះដូង​ពីកំណើត​ចំនួន ១ ០២៩ នាក់។

គិតត្រឹមបច្ចុប្បន្ននេះ បុគ្គលិក​ដែលកំពុង​បម្រើ​ការងារ​នៅមន្ទីរពេទ្យ​គន្ធបុប្ផា​មានសរុប ២ ៦៨១ នាក់។

លោកស្រី​វេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ តាងនាមឱ្យ​គណៈគ្រប់គ្រង ក៏ដូចជា​បុគ្គលិក​នៃមន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងភ្នំពេញ​និងសៀមរាប បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​រាជ​រដ្ឋា​ភិបាល ក្រសួង​សុខាភិបាល មូលនិធិ​គន្ធបុប្ផា​កម្ពុជា មូលនិធិ​គន្ធបុប្ផាស្វីស ព្រមទាំង​សប្បុរសជន​ទាំងក្នុង​និងក្រៅប្រទេស ដែលតែងតែ​ចូលរួម​គាំទ្រ​ដល់មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បីជួយ​បន្ត​និរន្តភាព​ក្នុងការ​ផ្តល់សេវា​ព្យាបាល​ដល់កុមារ​និងស្រ្តី​មានផ្ទៃពោះ​ដោយឥត​គិតថ្លៃ។ ការផ្តល់​ជំនួយ​ពីសប្បុរជន​គឺជា​ការជួយសង្គ្រោះ​ជីវិត​កុមារ និងផ្តល់​អនាគត​ដល់ទំពាំង​ស្នង​ឫស្សី​របស់​កម្ពុជា៕

你可能还喜欢

评论被关闭。