រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ព្រមានកងទ័ពកុំឱ្យពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមានចំពោះកងទ័ព កុំឱ្យមានការពាក់ព័ន្ធឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យសោះ។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា លោក ទៀ សីហា បានធ្វើការព្រមានបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
លោក ឈុំ សុជាត បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំ លោក ទៀ សីហា បានណែនាំឱ្យបណ្តាកងអង្គភាពក្រោមចំណុះទាំងអស់ យកចិត្តទុកដាក់ពង្រឹងស្មារតីនិងសតិអារម្មណ៍កងទ័ព ហើយត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បដិវត្តន៍ពណ៌កុំឱ្យកើតមាននៅម្ពុជា។ លោកក៏បានជំរុញឱ្យយកចិត្តទុកដាក់បន្ថែមចំពោះអតីតយុទ្ធជន យុទ្ធជនមានពិការភាព និង គ្រួសារកងទ័ព ហើយត្រូវយកចិត្តទុកដាក់ក្នុងការថែទាំគ្រឿងសព្វាវុធនិងយុទ្ធោបករណ៍ឱ្យបានល្អ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហ្វឺននាពេលខាងមុខ។ ទន្ទឹមនឹងនេះ កងទ័ពទាំងអស់ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីរក្សាស្ថិរភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលពាក់ព័ន្ធនឹងកងទ័ព។ ប៉ុន្តែមិនត្រូវពាក់ព័ន្ធឬនៅពីក្រោយសកម្មភាពកាប់ទន្ទ្រានដីធ្លីតំបន់ជុំវិញបឹងទន្លេសាប ឬជាប់ពាក់ព័ន្ធជាមួយសកម្មភាពខុសច្បាប់ណាមួយជាដាច់ខាត។
ពាក់ព័ន្ធនឹងបញ្ហារំលោភយកដីអភិរក្សនៅបឹងទន្លេសាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានដកតំណែងមន្ត្រីពុករលួយណាដែលឃុបឃិតជាមួយជនទុច្ចរិតរំលោភយកដីអភិរក្សនៅបឹងទន្លេសាប។ សម្តេចធិបតីបានបញ្ជាឱ្យអាជ្ញាធរខេត្តទាំង ៥ (ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និង ខេត្តកំពង់ធំ) នៅតាមបឹងទន្លេសាប ពង្រឹងការគ្រប់គ្រងដីអភិរក្សនោះឡើងវិញដោយសុក្រឹតភាពនិងប្រសិទ្ធភាព។
កាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការក្តៅទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាប ហើយតាមរយៈវិធានការនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានរកឃើញករណីរំលោភបំពានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបជាច្រើនហិកតា។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នោះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង ២ ០០០ ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀត៕
评论被关闭。