ទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តសៀមរាបនឹងដំណើរការផ្លូវការពីថ្ងៃទី៨ មករា ២០២៥
ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាផ្តល់លិខិតឆ្លងដែន ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ។
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្តសៀមរាប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ។
ការបង្ខិតទីតាំងផ្តល់លិខិតឆ្លងដែនទៅដល់ខេត្តសៀមរាប អាចជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការចំណាយពេលវេលានិងថវិកាក្នុងការធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។
ទីស្នាក់ការផ្តល់លិខិតឆ្លងដែននេះ មានទីតាំងស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងផ្ដល់សេវាធ្វើលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល។ សម្រាប់ថ្ងៃច័ន្ទនិងថ្ងៃអង្គារ មន្ត្រីជំនាញនឹងបើកទ្វារទីស្នាក់ការនេះសម្រាប់តែផ្ដល់ព័ត៌មាន និងបើកលិខិតឆ្លងដែនជូនអ្នកមកទទួលសេវាតែប៉ុណ្ណោះ តែមិនទទួលធ្វើលិខិតឆ្លងដែនឡើយ។ ទីស្នាក់ការផ្តល់លិខិតឆ្លងដែនក៏ឈប់សម្រាករាល់ថ្ងៃឈប់សម្រាកផ្លូវការផងដែរ។
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
评论被关闭。