សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជួបជាមួយគ្រូនិងសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចុះសួរសុខទុក្ខ សំណេះសំណាល និង ពិសាអាហារថ្ងៃត្រង់ជាមួយ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។ ពិធីសំណេះសំណាលនិងពិសាអាហារថ្ងៃត្រង់នេះ បានធ្វើឡើងក្រោមបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង។
វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ផ្ដល់ការសិក្សាពិសេសដល់សិស្សដែលមានបញ្ហាមួយចំនួន ដូចជាគថ្លង់និងពិការភ្នែកជាដើម។ ការបង្រៀនគឺចាប់ផ្ដើមពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ កម្មវិធីសិក្សាក៏ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និង កីឡា ដោយបកប្រែនិងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។ សាលានេះក៏បានបញ្ចូលនូវសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និង បំណិនជីវិតចូលក្នុងកម្មវិធីសិក្សាផងដែរ។
វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងទាំងស្រុងរបស់ក្រសួងអប់រំ យុវជន និង កីឡានៅខែកក្កដា ឆ្នាំ២០១៩ ដោយរាជរដ្ឋាភិបាលកម្ពុជាទទួលរ៉ាប់រងរាល់ការចំណាយក្នុងដំណើរការអប់រំរបស់សាលានេះទាំងស្រុង ក្នុងនោះរាប់បញ្ចូលការផ្ដល់អាហារដល់សិស្ស ៣ ពេលក្នុងមួយថ្ងៃ សេវាកម្មដឹកជញ្ជូនសិស្ស ការថែទាំសុខភាព អនាម័យ ការផ្គត់ផ្គង់ទឹក អគ្គិសនី សម្ភារៈសិក្សា រួមទាំងការចំណាយជាច្រើនផ្សេងទៀត។
ក្រៅពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ក្រសួងអប់រំ យុវជន និង កីឡាក៏មានសាលាអប់រំពិសេសនៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ ដូចជាខេត្តបាត់ដំបង សៀមរាប កំពង់ចាម និង ខេត្តកណ្តាលជាដើម៕
评论被关闭。