គម្រោងលើកកម្រិតគុណភាពផ្លូវជាតិស្រែអំបិល- កោះកុងសម្រេចបាន៧៨%

របាយការណ៍​ក្រសួង​សាធារណការ និងដឹកជញ្ជូនបង្ហាញថា គិតត្រឹម​ដើមខែ​មករា ឆ្នាំ២០២៥ គម្រោង​លើកកម្រិត​គុណភាព​ផ្លូវជាតិ​លេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាព​បាន ៧៨% ហើយ ក្រុមការងារ​ការដ្ឋាន​គម្រោង​នេះកំពុង​សម្រុក​ការសាងសង់ ដើម្បី​បញ្ចប់​គម្រោង​នេះនៅចុងរដូវប្រាំង (អំឡុង​ខែមេសា) ឆ្នាំ២០២៥ តាមការ​គ្រោងទុក។

ផ្លូវជាតិលេខ៤៨ មានប្រវែង​សរុប ១៤៨ គីឡូម៉ែត្រ ចាប់ពី​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ៤ (បំបែក​ស្រែអំបិល) ដល់ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង វាជា​ខ្សែផ្លូវ​ដ៏សំខាន់ ​និងយុទ្ធសាស្ត្រ​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និង ទេសចរណ៍។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និងដឹកជញ្ជូន លោក សូរ វ៉ិចទ័រ នាយក​គម្រោង​លើកកម្រិត​គុណភាព​ផ្លូវជាតិ​លេខ៤៨ តែងចុះ​ពិនិត្យ​និងតាមដាន​ការងារ​បច្ចេកទេស​សាងសង់របស់​ក្រុមហ៊ុនដោយផ្ទាល់និងជាប្រចាំ សំដៅ​ធានា​ការសាងសង់​ប្រព្រឹត្ត​ទៅស្របតាម​បទដ្ឋាន​បច្ចេកទេស និងតាម​កិច្ចសន្យា ដោយធានា​បានទាំងគុណភាព​និងសោភ័ណភាព។

ក្រសួង​សាធារណការ​និងដឹកជញ្ជូន ក៏បាន​អំពាវនាវ​ដល់អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ៤៨នេះ ជាពិសេស​រថយន្ត​ដឹកទំនិញ​ធុនធ្ងន់​គ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្ន​ខ្ពស់ កុំដឹក​ធ្ងន់ពេក ដែលអាច​បណ្តាលឱ្យ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ និងអាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ជាយកថាហេតុ ជាពិសេស​ចំណុច​ឡើងទួល​និងចុះ​ចំណោត​ជាដើម។ ចំពោះ​រថយន្តឈ្នួល​និងអ្នកធ្វើដំណើរ​ផ្សេងទៀត ក៏ត្រូវ​បើកបរ​ក្នុងល្បឿន​មួយដែលអាច​គ្រប់គ្រងបាន ដើម្បី​ធានា​សុវត្ថិភាព​ខ្លួនឯង​និងអ្នកដទៃ និងជួយ​កាត់បន្ថយ​ការហុយ​ធូលី​លើបងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ៕

你可能还喜欢

评论被关闭。