រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា៖ សហគមន៍កសិកម្មទំនើបដំឡូងមី អាចធានាផលិតកម្មនិងទីផ្សារច្បាស់លាស់
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា ការកសាងសហគមន៍កសិកម្មទំនើបដំឡូងមី ដើម្បីធានាដល់ផលិតកម្មនិងទីផ្សារដំឡូងមី ក៏ដូចជាកសិផលផ្សេងៗទៀតឱ្យកាន់តែមានភាពច្បាស់លាស់។
ការលើកឡើងរបស់លោក ឌិត ទីណា បានធ្វើឡើងនាឱកាសជំនួបជាមួយឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
លោកបានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាននិងកំពុងតែជំរុញការងារកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា ដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និង មានទីផ្សារពិតប្រាកដ។ សហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ប្រសើរជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ លោកបានលើកទឹកចិត្តដល់សហព័ន្ធដំឡូងមីកម្ពុជា បន្តសហការជាមួយក្រសួងកសិកម្មនិងភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានភាពបន្ស៊ីគ្នា ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ។
បើតាមឧកញ៉ា ច្រាយ សុន បានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី ៤ នៅអាស៊ី និងទី ១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺនហិកតា ខណៈបច្ចុប្បន្នកម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារអាម៉េរិកដល់សេដ្ឋកិច្ចជាតិ៕
评论被关闭。