កម្ពុជាប្រារព្ធមិទ្ទីងអបអរសាទរខួបលើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធអង្គមិទ្ទីងអបអរសាទរខួបលើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
អង្គមិទ្ទីងនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស និង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជា សរុបជាង ២ ម៉ឺននាក់។
៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់កម្ពុជាជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាជានិមិត្តរូបនៃការផ្លាស់ប្តូរ ពោលគឺប្តូរពីការលំបាកមកភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ ថ្វីត្បិតតែការផ្តួលរំលំរបបប្រល័យពូជសាសន៍បានកន្លងផុតទៅរយៈពេល ៤៦ ឆ្នាំ ប៉ុន្តែស្មារតីជ័យជម្នះ ៧ មករានៅតែមានពន្លឺចែងចាំងក្នុងដួងចិត្តរបស់យើងជានិច្ច និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ៧ មករាមានសត្រូវតែមួយគត់ នោះគឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវបានរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧ មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។
សម្តេចតេជោសង្កត់ធ្ងន់ថា យើងប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ខណៈអំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ រីឯជ័យជម្នះ ៧ មករា ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិនិងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។
សម្ដេចតេជោបានស្នើដល់ស្ថាប័នមានសមត្ថកិច្ច យកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យឱ្យបានម៉ឺងម៉ាត់បំផុត។ វាដល់ពេលដែលត្រូវកសាងច្បាប់កំណត់ចំពោះជនណាឬក្រុមណា ដែលមានគម្រោងការឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ បើសិនជាពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នទេនោះ។ សម្ដេចបានអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និង គ្រប់មជ្ឈដ្ឋានទាំងអស់ ពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមដោយសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗនិងថ្មីៗច្រើនថែមទៀតក្នុងឆ្នាំ២០២៥នេះ។
ទិវាជ័យជម្នះ ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរម្លឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង ៣ លាននាក់។ ជាមួយគ្នានេះ ៧ មករាក៏ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការតស៊ូរំដោះជាតិនិងសង្គ្រោះជីវិតប្រជាជននិងជាតិពីចំណុចសូន្យ។ អ្វីដែលកាន់តែពិសេសនោះ ៧ មករាក្រោមស្មារតីបង្រួបបង្រួមជាតិ សាមគ្គីជាតិ និង នាំសន្តិភាពពេញលេញជូនជាតិនិងប្រជាជន ទើបអាចបង្កើតបាននូវនយោបាយឈ្នះ-ឈ្នះដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ នាំសន្តិភាពពេញលេញដែលយើងបាត់បង់ជាង ៥០០ ឆ្នាំមកហើយ៕
评论被关闭。