ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសុរិយោដី ៧ មុខបន្ថែមទៀតតាមប្រព័ន្ធអនឡាញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដាក់ឱ្យប្រើប្រាស់សាកល្បងបន្ថែមនូវសេវាសុរិយោដីចំនួន ៧ មុខនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈឱ្យដល់ដៃប្រជាជន មានភាពងាយស្រួល រហ័សទាន់ចិត្ត និង ដើម្បីចូលរួមអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសុរិយោដីបន្ថែមចំនួន ៧ មុខនៅរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ រួមមាន៖ (១) ការចុះលេខដោយស្វ័យប្រវត្តិ (២) សេវាបង្រួមក្បាលដី (៣)សេវាបំបែកក្បាលដីដោយមិនផ្ទេរ (៤) សេវាបំបែកលក់ផ្តាច់ (៥) សេវាបំបែកអំណោយផ្តាច់ (៦) សេវាបំបែកចំណែកឯកជននៃអគារសហកម្មសិទ្ធិ និង (៧) សេវាបំបែកកម្មសិទ្ធិទ្រព្យអវិភាគ។
សេចក្តីជូនដំណឹងនេះបានគូសបញ្ជាក់ថា សាធារណជនទាំងអស់អាចដាក់ពាក្យស្នើសុំតាមរយៈគេហទំព័រ https://mlmupc.gov.kh ឬគេហទំព័រ https://cadastral.mlmupc.gov.kh៕
评论被关闭。