លោក ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ជំរុញពាណិជ្ជកម្មអង្ករនិងអាហារហាឡាល់

នារសៀល​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា នៅទីស្តីការ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ។

លោក ប្រាក់ សុខុន និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានស្វាគមន៍ ​និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើន​ពាណិជ្ជកម្ម​អង្ករ និងជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងឧស្សាហកម្ម​អាហារ​ហាឡាល់ ខណៈ​ដែលទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បានកើនឡើង​លើស ១ ប៊ីលាន​ដុល្លារអាម៉េរិក។

យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាស​នៃជំនួបនោះ លោក បា្រក់ សុខុន បាន​រម្លឹក​​ពីការ​គាំទ្រ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ចំពោះ​ដំណើរការ​សន្ដិភាព​នៅកម្ពុជា និងបាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​លើវិស័យ​នយោបាយ សេដ្ឋកិច្ច​ និង កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារជាតិ។ ស្របពេល​ដែលទំនាក់​ទំនង​ពាណិជ្ជកម្ម​ក្នុងឆ្នាំ២០២៣ កើនដល់​លើស ១ ប៊ីលាន​ដុល្លាររួចមក ភាគីទាំងពីរ​ក៏ចង់ឱ្យ​មានការ​បង្កើន​ពាណិជ្ជកម្ម​អង្ករ​និងអាហារ​ហាឡាល់​បន្ថែម​ផងដែរ។

លោក ប្រាក់ សុខុន និងលោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានបង្ហាញ​នូវទស្សនៈ​រួមគា្ន​ថា កម្ពុជា​និងឥណ្ឌូណេស៊ី​មានឱកាស​ច្រើនថែមទៀត​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី។

កម្ពុជា​បាននាំចេញ​អង្ករ​លើកដំបូង​ទៅឥណ្ឌូណេស៊ី​ចំនួន ១២៥ ០០០ តោន កាលពី​ចុងឆ្នាំ២០២៣ តាមកិច្ច​ព្រមព្រៀងទ្វេភាគី​នា​ខែសីហា ឆ្នាំ២០២៣៕

你可能还喜欢

评论被关闭。