ឆ្នាំ២០២៤ ទំនិញនាំចេញ-នាំចូលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទឹកប្រាក់ជាង ៤ ប៊ីលានដុល្លារ
របាយការណ៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បង្ហាញថា តម្លៃទំនិញនាំចេញនិងនាំចូលនៃ SSEZ សម្រេចបានទឹកប្រាក់ប្រមាណ ៤,០៧ ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ កើនឡើងជាង ២១,៣% ធៀបនឹងឆ្នាំ២០២៣។
SSEZ លាតសន្ធឹងលើផ្ទៃដី ១១ គីឡូម៉ែត្រក្រឡា មានលក្ខណៈពិសេសនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការរួមបញ្ចូលឧស្សាហកម្មនិងបែបទំនើបនៃទីក្រុង និងបានទាក់ទាញសហគ្រាសថ្មីចំនួន ២៨ ក្នុងឆ្នាំ២០២៤ ធ្វើឱ្យចំនួនសហគ្រាសសរុបនៅក្នុង SSEZ កើនឡើងដល់ ២០២២ នឹងបានបង្កើតការងារប្រមាណ ៣២ ០០០ កន្លែង។ សហគ្រាសទាំងនេះមកពីប្រទេសចិន បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាម៉េរិក និង បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត។ SSEZ បានដាក់បញ្ចូលនូវកម្លាំងចលករថ្មីក្នុងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យរវាងកម្ពុជា-ចិន និងបានកសាងនូវច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជាផងដែរ។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ឱ្យដឹងថា តាមរយៈការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានកៀរគរវិនិយោគិនមកបណ្ដាក់ទុនក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ដែលមានទុនសរុបជាង ៦ ប៊ីលានដុល្លារ ជាមួយគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មានចំនួន ២៤២ គម្រោង។ ជាមួយគ្នានេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន ១០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៤ លានដុល្លារ (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧ លានដុល្លារ)។
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ SSEZ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ SSEZ និងបានកោតសរសើរចំពោះគោលគំនិតនៃការអភិវឌ្ឍ SSEZ នេះ ដែលមានការគ្រប់គ្រងនិងប្រតិបត្តិការប្រកបដោយស្តង់ដា និងមានភាពក្លាហានក្នុងការអនុវត្តទំនួលខុសត្រូវសង្គម។ SSEZ បានដើរតួនាទីជាវិជ្ជមាន និងបានរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងកម្ពុជា ហើយនៅពេលអនាគត SSEZ គួរតែរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវគោលដៅនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ និងចូលរួមចំណែកក្នុងការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” របស់កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕
评论被关闭。