សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយស្ថាបនិកសន្និសីទអង្ករពិភពលោក Jeremy Zwinger
នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Jeremy Zwinger ប្រធានក្រុមហ៊ុននិងជានាយកប្រតិបត្តិអង្គការស្រាវជ្រាវអង្ករអន្តរជាតិ (TRT) និងជាស្ថាបនិកសន្និសីទអង្ករពិភពលោក (WRC) នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Jeremy Zwinger បានសម្ដែងនូវក្តីសោមនស្សរីករាយនិងកោតសរសើរ ពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ ឡូជីស្ទីក និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។
លោកក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញអំពីការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោក Jeremy Zwinger ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥។ សម្ដេចបានគូសបញ្ជាក់ថា ស្រូវគឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចាំបាច់នានា ក្នុងការគាំទ្រដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីក សំដៅសម្រួលដល់ការដឹកជញ្ជូននិងកាត់បន្ថយថ្លៃដើមផងដែរ៕
评论被关闭。