រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន ក្នុងវិស័យសុខាភិបាល
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានជំរុញឱ្យអ្នកដឹកនាំគ្រប់អង្គភាពទាំងអស់ យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្តវេនក្នុងវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់កិច្ចការព្យាបាលនិងថែទាំសុខភាពប្រជាពលរដ្ឋ។
លោក ឈាង រ៉ា បានថ្លែងបែបនេះនៅក្នុងជំនួបសំណេះសំណាល ផ្តល់អនុសាសន៍គន្លឹះនិងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
លោកបានលើកឡើងថា អ្នកដឹកនាំគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន និងបង្កលក្ខណៈឱ្យមានការចូលរួមពីគ្រប់អ្នកជំនាញទាំងអស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។ លោកក៏បានផ្តល់អនុសាសន៍គន្លឹះក្នុងការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យប្រចាំថ្ងៃឱ្យបានរលូន និងការចូលរួមសហការគ្នាចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ឋានានុក្រម។
លើសពីនេះ លោក ឈាង រ៉ា ក៏បានលើកទឹកចិត្តនិងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ខិតខំសាមគ្គីគ្នាបន្តរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ សំដៅលើកកម្ពស់ការធ្វើនវានុវត្តន៍បច្ចេកទេសព្យាបាលឱ្យកាន់តែសម្បូរបែប ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និងជឿជាក់មកលើសេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងជារឿយៗអំពីការលើកកម្ពស់គុណភាពបន្ថែមលើវិស័យសុខាភិបាល ជាពិសេសសេវាសុខភាពសាធារណៈ តាមរយៈពង្រឹងគុណភាពព្យាបាលនិងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕
评论被关闭。