ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការវិនិយោគវិស័យថាមពល សុខាភិបាល និង ទេសចរណ៍នៅកម្ពុជា

ប្រធាន​ក្រុមហ៊ុន Evercore Asia លោក Keith Magnus បានបង្ហាញ​ចំណាប់​អាម្មណ៍​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ធ្វើការ​វិនិយោគ​លើវិស័យ​ថាមពល​កកើត​ឡើងវិញ សុខាភិបាល និង វិស័យ​ទេសចរណ៍។

លោក Keith Magnus បានលើកឡើង​ក្នុងពេល​ចូលជួប​សម្តែង​ការគួរសម​និងពិភាក្សា​ការងារ​ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

លោកបាន​កោតសរសើរ​ភាពជោគជ័យ​នៃការអភិវឌ្ឍ​និងរីក​ចម្រើន​លើគ្រប់​វិស័យ​របស់​កម្ពុជា និងបាន​វាយតម្លៃខ្ពស់​ចំពោះ​ការដាក់ចេញ​នូវយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១​របស់​រាជរដ្ឋាភិបាល ដើម្បី​ឈានទៅ​សម្រេច​បាននូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវ​ក្តីសោមនស្ស​រីករាយ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន Evercore Asia ដែងមាន​បំណង​វិនិយោគ​នៅកម្ពុជា។ សម្តេច​បានគូស​បញ្ជាក់​ពីការ​ដាក់ចេញនូវ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ថាមពល​របស់​កម្ពុជា ដោយកម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ចំនួន​ជាង ៦២% និងបាន​ដាក់គោលដៅ​ឆ្ពោះទៅ​សម្រេច​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​ដាក់ចេញ​នូវគោលនយោបាយ​គាំទ្រ​ដល់វិស័យ​សុខាភិបាល ដូចជា​ការពង្រឹង​និងពង្រីក​សេវា​សុខាភិបាល​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

សម្ដេចធិបតី​បានបន្ត​ទៀតថា កម្ពុជា​នៅមាន​សក្ដានុពល​លើវិស័យ​ជាច្រើនទៀត ដែលក្រុមហ៊ុន​អាចពិចារណា​​ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​ និងបណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា ដែលរួមមាន​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ និង វិស័យ​ធនាគារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង-ស្ថាប័ន​ដែលពាក់ព័ន្ធ និងជំរុញ​ការភ្ជាប់​ទំនាក់ទំនង​និងកិច្ចសហការ​រវាង​វិស័យ​ឯកជន​នៅក្រៅ​ប្រទេសនិងនៅកម្ពុជា៕

你可能还喜欢

评论被关闭。