ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង ៥៤,៧៤ ប៊ីលានដុល្លារនៅឆ្នាំ ២០២៤
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ដែលចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ បង្ហាញថា ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៦,៩% ធៀបនឹងឆ្នាំ២០២៣ ដែលសម្រេចបាន ៤៦,៨២ ប៊ីលានដុល្លារ។
GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ២៦,១៩ ប៊ីលានដុល្លារ កើនឡើង ១៥,៧% ចំណែកការនាំចូលទំនិញមានទំហំទឹកប្រាក់ ២៨,៥៤ ប៊ីលានដុល្លារ កើនឡើង ១៨%។ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាង ២,៣៤ ប៊ីលានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាមានកំណើនដោយសារទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹងអស្ថិរភាពក្នុងតំបន់ ដូចជាអស្ថិរភាពនយោបាយនៅប្រទេសភូមា បង់ក្លាដេស បានធ្វើឱ្យរោងចក្រមួយចំនួនរើមកកម្ពុជា ធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគនិងការនាំចេញ។ មានក្រុមហ៊ុនជាង ២០០ បានចុះបញ្ជីក្នុងឆ្នាំ២០២៤ វាជាកត្តាមួយដែលនឹងជំរុញពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២៥នៅតែមានភាពល្អប្រសើរ ដោយទាំងការផលិតនិងការនាំចេញនឹងរក្សាបាននូវកំណើន ខណៈកម្ពុជាបាននិងកំពុងតែដាក់ចេញនូវគោលនយោបាយនិងច្បាប់វិនិយោគថ្មីក្នុងការលើកទឹកចិត្តវិនិយោគិន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាមានទីផ្សារសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ទន្ទឹមសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិនកំពុងដំឡើងពន្ធដាក់គ្នា ក៏ជាឱកាសសម្រាប់កម្ពុជាទាក់ទាញអ្នកវិនិយោគដើម្បីមកបណ្តាក់ទុនវិនិយោគ ផលិត និង នាំចេញ។
ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមានសម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូនិងផលិតផលធ្វើអំពីកៅស៊ូ និង គ្រឿងសង្ហារិមជាដើម៕
评论被关闭。